(ភ្នំពេញ)៖ លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM រួមនឹងក្រុមការងារបានទៅកាន់មន្ទីរពេទ្យកុមារអង្គរ និងនាំយកទឹកប្រាក់បរិច្ចាគចំនួន ២០លានរៀល អាវយឺត មួក និងប៊ិចមួយចំនួនធំ ក្រោមគម្រោង EzeCare ។ កម្មវិធីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅនេះ។

ក្រុមការងាររបស់ក្រុមហ៊ុន EZECOM បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ហើយលោកវេជ្ជបណ្ឌិត ក៏បានសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងដឹកនាំដំណើរទស្សនកិច្ចក្នុងមន្ទីរពេទ្យកុមារអង្គរផងដែរ​។

ក្រុមការងារមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់ក្រុមហ៊ុន EZECOM ដែលបានចូលរួមទ្រទ្រង់ការព្យាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃរបស់មន្ទីរពេទ្យកុមារអង្គរ។

លោក ថាន ថេន នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន EZECOM បានថ្លែងថា “កុមារ គឺជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង ដូច្នេះ វាពិតជាមានសារសំខាន់ណាស់ដែលយើងទាំងអស់គ្នា យកចិត្តទុកដាក់លើការអភិវឌ្ឍរបស់កុមារ​គ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសំខាន់ ក្នុងការព្យាបាលជំងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ដែលបានសង្គ្រោះជីវិត និងដោះស្រាយវិបត្តិសម្រាប់គ្រួសារកម្ពុជាជាច្រើន ជាពិសេសគ្រួសារដែលខ្វះលទ្ធភាពព្យាបាល»។

លោកបានបន្ថែមថា «ការនាំយកទឹកប្រាក់មកបរិច្ចាគជូនដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយបន្ថែមទៀត ពីក្រុមហ៊ុន EZECOM ដែលតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា។ EZECOM មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់​ ក្នុងវិស័យឯកជន តាមរយៈការផ្តល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់កម្រិតអាជីវកម្មប៉ុណ្ណោះទេ តែយើងក៏បានចូលរួម​យ៉ាងសកម្មក្នុងសកម្មភាពសង្គម ជាពិសេសក្នុងវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងបរិស្ថាន ស្របតាមគោលការណ៍ CSR របស់យើង»

តាមរយៈគម្រោង EzeCare ដែលយើងបានផ្តួចផ្តើមក្នុងឆ្នាំ២០១៩ នេះ ក្រុមហ៊ុន EZECOM នឹងពង្រីកវិសាលភាពនៃ​សកម្មភាពសង្គមរបស់ខ្លួនអោយកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជ្រោមជ្រែងសហគមន៍នានានៅកម្ពុជា ដែលត្រូវការជំនួយខ្លាំងបំផុត។

គម្រោង EzeCare គឺជាគម្រោងថ្មីរបស់ EZECOM ដែលនឹងរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំនីមួយៗ យើងនឹង​ធ្វើយុទ្ធនាការអ្វីមួយ ដើម្បីលើកស្ទួយសហគមន៍កម្ពុជា តួយ៉ាង ដូចជាការគាំទ្រនិងលើកកម្ពស់មន្ទីរពេទ្យកុមារអង្គរ ដែលយើង​បានធ្វើឡើងក្នុងឆ្នាំនេះ»។

គួរបញ្ជាក់ផងដែរថា យុទ្ធនាការនៃគម្រោង EzeCare ដែលបានចាប់ផ្តើមឡើងកាលពីឆមាសទី១ នៃឆ្នាំ២០១៩ មិនគ្រាន់តែជាការបរិច្ចាគទឹកប្រាក់ ២០លាន ជូនមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ តែក្រុមហ៊ុនបានផលិតវីដេអូខ្លី និងមាតិកាមួយចំនួនទៀត ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពីសកម្មភាពដ៏សំខាន់របស់មន្ទីរពេទ្យក្នុងការ​ផ្តល់ការព្យាបាលកុមារប្រកបដោយក្តីមេត្តាករុណា និងឥតគិតថ្លៃ ក៏ដូចជាអំពាវនាវអោយសាធារណៈជនចូលរួមគាំទ្រ និងបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរ ដែលពឹងផ្អែកជាខ្លាំងលើជំនួយពីសប្បុរសជនក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្តប្រតិបត្តិការរបស់ខ្លួន។

ជាទីបញ្ចប់ សម្រាប់បងប្អូនដែលចង់ស្វែងយល់បន្ថែម និងតាមដានជាមួយគម្រោង EzeCare សូមចូលទៅ Like ផេចហ្វេសប៊ុក​របស់ EZECOM (facebook.com/ezecom) និងសូមចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈវែបសាយត៍ www.angkorhospital.org និងលេខទូរស័ព្ទ 063 963 409៕

វីដេអូអំពីគម្រោង EzeCare ឆ្នាំ២០១៩៖ www.youtube.com/watch?v=7Ls9fc-CINQ