(កំពង់ធំ)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងមន្ត្រីជំនាញរួម ជាមួយអាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះពិនិត្យជាក់ស្តែង នៅទីទួលសុវត្ថិភាព ដែលបងប្អូនប្រជាពលរដ្ឋមកស្នាក់នៅបណ្តោះអាសន្ន ទីតាំងជម្លៀសសត្វពាហនៈ ដែលពួកគាត់ត្រៀមបង្ការរួចរាល់ ក្នុងរដូវទឹកជំនន់មួយនេះ ប្រមាណជាង១០០គ្រួសារ ត្រូវជម្លៀសមកកាន់ទីទួលសុវត្ថិភាពទួលកំពោជឈូក នៅភូមិត្រពាំងឈូក ឃុំសំបូរ ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ ដែលរងផលប៉ះពាល់ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ បងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថាន ពីព្រោះថា ពេលទឹកជំនន់មកដល់ ក្រៅពីការផ្ដល់នូវប្រយោជន៍ សម្រាប់ការងារកសិកម្ម ទឹកក៏បានធ្វើឲ្យលិចនូវផ្ទះសម្បែង ដីធ្លី និងភូមិដ្ឋាន របស់បងប្អូន ហើយបានបង្កនូវមេរោគផ្សេងៗ ដែលអាចនាំឲ្យមានជំងឺឆ្លងផងដែរ។

ទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ទៀតថា ដូច្នេះ ត្រូវពិសារទឹកស្អាត និងទឹកដាំឲ្យឆ្អិនជានិច្ច ពីព្រោះថា បើបងប្អូនខ្វះស្បៀងអាហារ យើងអាចជួយបាន ក៏ប៉ុន្តែបើបងប្អូនមានជំងឺវិញ គឺមានតែខ្លួនឯងទេ ដែលជាអ្នកឈឺចាប់នោះ ព្រោះថា ការពារគឺប្រសើជាងព្យាបាល តែរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់។

គូសបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើន ជន្លៀសសត្វមកពីភូមិចារ្យ ឃុំសំបូរចំនួន៩៣គ្រួសារ និង៣៩គ្រួសារទៀត មកពីភូមិឈូកបឹង ឃុំឈូក។ ទាំងពីរឃុំនេះ គឺស្រុកប្រាសាទសំបូរ។

ដោយឡែក នៅភូមិកំពង់ជ្វា ដែលជាទីទួល ប្រវែង២គីឡូ នៅខ្វះ៦០០ម៉ែត ត្រូវបានសាងសង់បន្តគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្ភសាងសង់ឲ្យរួចរាល់ ដែលជាប្រយោជន៍សម្រាប់ជាផ្លូវ និងជាទីទួលនៅពេលអនាគត។ កាកបាទក្រហម និងក្រុមការងារ ទើបនិងបានចែកជំនួយ បាន១៤៣គ្រួសាររួចហើយ សម្រាប់ប្រជាពលរដ្ឋទាំងនេះ។

បើតាមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកជំនន់ដែលកំពុងវាយប្រហារតាម ខេត្តមួយចំនួន បានប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងផ្ទះជាង ៦ម៉ឺនខ្នង។

ជាមួយគ្នានោះ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក៏បានរៀបចំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការប៉ះពាល់ដោយ ទឹកជំនន់ នៅតាមបណ្តាខេត្តជាប់ទន្លេមេគង្គ រួមមាន៖ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងកំពង់ធំ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងផងដែរ៕