(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់មូលហេតុចំនួន៤ ដែលជាហេតុធ្វើឲ្យ កើតមានចំនួនមិនប្រក្រតីនៃអ្នកធ្វើដំណើរតាមផ្លូវអាកាសចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយចំនួនអ្នកសម្រុកចេញច្រើនជាងចូល។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ប្រាប់ បណ្តាញព័ត៌មាន Fresh News ថាតាមការសង្កេតជាក់ស្តែង អ្នកធ្វើដំណើរតាមផ្លូវអាកាសចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុនៅក្នុងខែសីហា និងដើមខែកញ្ញា ពិនិត្យឃើញថា មានចំនួនអ្នកធ្វើដំណើរ «ចេញ -ចូល» (Departure & Arrival Passenger) មានភាពលំអៀងជាមធ្យម (ជាប្រក្រតី) ប្រមាណ១៤% ។ ដោយឡែកសម្រាប់ នៅចន្លោះថ្ងៃទី៣១ ខែសីហា និង ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស «ចេញ-ចូល» មានភាពប្រែប្រួល «មិនប្រក្រតី» ដោយចំនួនអ្នកធ្វើដំណើរ «ចេញ» (Departure Passenger) ច្រើនជាងចំនួនអ្នកធ្វើដំណើរ «ចូល» (Arrival Passenger) ប្រមាណ២០% នៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោក ចាន់ សិរីវុត្ថា បញ្ជាក់ទៀតថា បន្ទាប់ពីបានពិនិត្យលើទិដ្ឋភាពជាក់ស្តែង និងបានវិភាគលើទិន្ន័យអ្នកធ្វើដំណើរតាមផ្លូវអាកាស «ចេញ-ចូល» អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ធ្វើឱ្យយើងអាចធ្វើការសន្និដ្ឋាន ក្នុងកម្រិតបឋមបានថា មូលហេតុដែលបណ្តាលឱ្យ ចំនួនអ្នកធ្វើដំណើរ «ចេញ» ច្រើនជាងចំនួនអ្នកធ្វើដំណើរ «ចូល» នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ គឺដោយសារកត្តាមួយចំនួនដូចខាងក្រោម៖

១៖ អំឡុងពីខែមិថុនា រហូតដល់ខែតុលា ជារដូវវស្សា (រដូវភ្ញៀវទេសចរចុះ/Low Season) ហើយក៏ជារដូវដែលភ្ញៀវទេសចរមួយចំនួនធំ ត្រូវពន្យារពេល ឬផ្អាកសកម្មភាពធ្វើដំណើរកំសាន្តរបស់ខ្លួន។

២៖ សកម្មភាពការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការងារសំណង់មួយចំនួនត្រូវបានបញ្ចប់ ហើយក៏មានកម្មករ កម្មការនី និងអ្នកបច្ចេកទេសមួយចំនួន បានបញ្ចប់កិច្ចសន្យាការងាររបស់ខ្លួន ដោយបានវិលត្រឡប់ទៅស្រុកកំណើតវិញ ម្យាងវិញទៀតក្នុងអំឡុងរដូវវស្សាសកម្មភាពការងារសំណង់មួយចំនួន ក៏ត្រូវបានបន្ថយល្បឿន ដូច្នោះឆ្លៀតឱកាសនេះ កម្មករ កម្មការនី និងអ្នកបច្ចេកទេសមួយចំនួន បានវិលត្រឡប់ទៅលេងស្រុកកំណើតរបស់ខ្លួនមួយរយៈ។

៣៖ ក្នុងនោះដែរក៏មានបងប្អូន សាច់ញាតិ និងមិត្តភក្តិ របស់កម្មករ កម្មការនី និងអ្នកបច្ចេកទេសមួយចំនួនធំ ដែលបានមកលេង និងចំណាយវិស្សមកាល របស់ខ្លួនជាមួយសាច់ញាតិ បងប្អូន និងមិត្តភក្តិ ក៏បានវិលត្រឡប់ទៅស្រុកកំណើតវិញ ក្រោយពីវិស្សមកាលរបស់ខ្លួនត្រូវបានបញ្ចប់។

៤៖ ការឈានចូលមកដល់នូវរដូវកាល បុណ្យសំពះព្រះខែ (ចិន) ដែលធ្វើឱ្យអ្នកបច្ចេកទេស កម្មករ កម្មការនី រួមទាំងវិនិយោគិន ឬអ្នកធុរកិច្ចមួយចំនួន ឆ្លៀតឱកាសនេះធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំបងប្អូន សាច់ញាតិររៀងៗខ្លួន ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ។

យ៉ាងណាក៏ដោយបើតាមអ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យបានមើលឃើញថា ការសម្រុកចេញរបស់អ្នកដំណើរតាមផ្លូវអាកាសខេត្តព្រះសីហនុ ដែលជាជនជាតិចិននោះ គឺដោយសាការឥទ្ធិពលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណ ចំពោះល្បែងភ្នាល់តាមអនឡាញ ធ្វើឲ្យជនជាតិចិនដែលបម្រើការងារក្នុងវិស័យនេះ សម្រុកចេញ៕