(សៀមរាប)៖ ថ្លែងក្នុងពិធីបើកសន្និសីទ ថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារ ពលករទេសន្តរប្រវេសន៍ នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា ដោយសារតែនិន្នាការ នៃកំណើនមនុស្សចាស់ ធ្វើឲ្យប្រទេសជប៉ុន បង្កភាពងាយស្រួល សម្រាប់ការទទួលយកពលករពីប្រទេស ដែលមានកម្លាំងពលកម្មវ័យក្មេង។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមើលឃើញថា កូរ៉េខាងត្បូងបានក្លាយជាប្រទេស ដែលទទួលយកពលករច្រើនជាងគេផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងឃើញថានិន្នាការ នៃមនុស្សចាស់ នៅក្នុងប្រទេសមួយចំនួន ក៏បានកើតទៅជាស្ថានភាព ដែលអាចផ្តល់ការងារឲ្យប្រទេសមួយចំនួន ដែលមានកម្លាំងពលកម្មវ័យក្មេង ឧទារហណ៍នៅប្រទេសជប៉ុន ចាប់ផ្តើមបង្កើតភាពងាយស្រួល សម្រាប់ការបញ្ជូនពលករ ទៅកាន់ប្រទេសជប៉ុនហើយ ទន្ទឹមនឹងកូរ៉េខាងត្បូង បានយកពលករយ៉ាងច្រើន ទៅកាន់ទីនោះ»

ដោយសារមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងការបញ្ជូនពលករនោះ គិតត្រឹមខែសីហា ឆ្នាំនេះពលករកម្ពុជានៅប្រទេសកូរ៉េមានចំនួនជាង៦ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋកម្ពុជា ដែលរស់នៅប្រទេសកូរ៉េជាង៦ម៉ឺននាក់។ កូរ៉េបានផ្តល់កូតាក្នុងការនាំពលករដល់កម្ពុជា ពី៤ពាន់ទៅ៤ពាន់៥រយនាក់ ក្នុងឆ្នាំ២០១៩នេះ។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដោយឡែកគិតត្រឹមខែកក្កដា ឆ្នាំ២០១៩ កម្មសិក្សាការី និងពលករកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនមានចំនួនជាង៨ពាន់នាក់។

ថ្លែងក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយធ្វើសមាហរណកម្មកាន់តែប្រសើរ នៅក្នុងក្របខ័ណ្ឌតំបន់ អនុតំបន់ និងនៅក្នុងក្របខ័ណ្ឌដៃគូដទៃទៀត ជាមួយនឹងការទទួលព័ត៌មានអំពីទីផ្សារកាងារ និងមធ្យោបាយដឹកជញ្ជូនកាន់តែប្រសើរ និងកាន់តែលឿនជាងមុន ដូច្នេះធ្វើឲ្យប្រជាពលរដ្ឋរបស់យើង មានឱកាសដើម្បីស្វែងរកការងារធ្វើ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ប្រទេសដែលខ្វះកម្លាំងពលកម្មពិតប្រាកដ មានត្រឹមតែ៣ប្រទេសប៉ុណ្ណោះ គឺមានព្រុយណេ សឹង្ហបុរី និងម៉ាឡេស៊ី ប៉ុន្តែសម្រាប់ប្រទេសក្រៅពីនោះ គឺមានកម្លាំងពលកម្ម សូម្បីប្រទេសថៃ ដែលទទួលកម្លាំងពលកម្មពីកម្ពុជា មីយ៉ានម៉ា និងឡាវ ប៉ុន្តែប្រទេសថៃបានបញ្ជូនពលករ ទៅកាន់ប្រទេសដទៃទៀត ដែលទទួលបានប្រាក់ឈ្នួលបានខ្ពស់ជាង ដែលនេះជាចរន្តការងារធម្មតា៕