(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងស្តីពី ការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ដោយមិនគិតកម្រៃសេវា។ នេះបើតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩។

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូន ប្រជាពលរដ្ឋ ដោយមិនបង់ប្រាក់ចំនួន ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំរថយន្តក្រុងចំនួន៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញវិញ។

ទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញ ស្ថិតនៅស្ថានីយចំណតរថយន្តផ្លូវ២០០៨ ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស (ចម្ងាយពីស្តុបសិន ជូរីផ្លាហ្សាប្រមាណ ២គីឡូម៉ែត្រ) និងចំណតរថយន្តនៅខេត្តព្រះសីហនុស្ថិ តនៅវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រថយន្តក្រុងសាធារណៈ នឹងចាប់ផ្តើមចេញដំណើរជើងទី១ ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ នៅវេលាម៉ោង០៥៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងមានជើងរថយន្តទៅមក ជាបន្តបន្ទាប់ទៀត សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកធ្វើដំណើរ។ សូមទំនាក់ទំនងព័ត៌មានតាមរយៈ លោក ប្រាក់ វិសាល លេខទូរស័ព្ទ ០១១ ៧៨៩ ២២២ និងលោក នងឌី ណារ៉ា ទូរស័ព្ទលេខ ០១៦ ៨៩៨ ៩២៧៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ៖