(ថៃ)៖ ឆ្លើយតបនូវទឹកចិត្តស្រលាញ់ជនរួមជាតិរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងថ្នាក់ដឹកនាំដទៃទៀត ដែលតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនពលករខ្មែរ ដែលរស់នៅក្រៅប្រទេស និងដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាខែកញ្ញានេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានសហការជាមួយក្រុមហ៊ុនឌីធែក (Dtac) រៀបចំកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយ នៅថ្ងៃអាទិត្យទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្តល់ឱកាស ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសថៃ បានមកជួបជុំគ្នារាំលេងកំសាន្ត និងទស្សនាដោយសេរីឥតគិតថ្លៃ។

ការប្រគុំតន្រ្តីនេះ មានការអញ្ជើញចូលរួមពីសំណាក់តារាចំរៀងល្បីៗប្រចាំដូចជា លោក ហ្សូណូ លោក ខាត់ ជេម លោក ឆាយ ណាឃីម កញ្ញា វីរៈ និច និងកញ្ញា ទៀង សុភាន់នី និងដោយមានការចូលរួម ពីសំណាក់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ប្រហែលជិត១ម៉ឺននាក់។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំថៃ បានថ្លែងថា តាមរយៈការរៀបចំកម្មវិធីប្រគុំតន្រ្តីដ៏ធំលើកទី១នេះ ស្ថានទូតជឿជាក់យ៉ាងមុតមាំថា ស្ថានទូតនឹងបន្តរៀបចំកម្មវិធីប្រគុំតន្ត្រីបែបនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀត ដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការ ដោយបន្តសហការជាមួយដៃគូពាក់ព័ន្ធ ក្រុមហ៊ុនឧបត្ថម្ភនានា ដើម្បីផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនពលករ បានចូលរួមកំសាន្តសប្បាយទាំងអស់គ្នា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងការស្រលាញ់រាប់អាននៃមហាគ្រួសារខ្មែរទាំងក្នុង និងក្រៅប្រទេស។

លោកឯកអគ្គរាជទូត បានផ្តាំផ្ញើដល់បងប្អូនពលករទាំងអស់ខិតខំធ្វើការ រៀនសូត្រ សន្សំប្រាក់ កុំស្តាប់ភាសាញុះញុង ចេះគោរពបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន និងរោងចក្រ ចេះគោរពច្បាប់ម្ចាស់ស្រុក ហើយបើសិនមានអ្វីអាក់អន់ចិត្ត និងបញ្ហាអ្វីមួយ សូមធ្វើការពិគ្រោះយោបល់ និងជជែកគ្នាជាមុនសិន បើដោះស្រាយមិនចេញ បងប្អូនអាចទំនាក់មកស្ថានទូត តាមរយៈហ្វេសប៊ុក និងលេខទូរស័ព្ទ និងមធ្យោបាយនានាទៀត។

លោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងជាតំណាងបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសំដែងការកោតសសើរ ដល់ស្ថានទូតកម្ពុជា ក្នុងការរៀបចំការប្រគុំតន្រ្តីដ៏ធំនេះ និងការផ្តល់ការយកចិត្តទុកដាក់ដល់ពលករ ដូចជាការផ្តល់ភាពស្របច្បាប់ដល់ពលករ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ និងមានក្រុមការងារចុះដោះស្រាយ រាល់បញ្ហាដែលកើតឡើង។

លោក សេង សក្តា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធថៃ ក្នុងការផ្តល់ទីតាំង និងការសម្របសម្រួលផ្សេងៗ និងសូមថ្លែងអំណរគុណ ដល់ក្រុមការងារស្ថានទូតកម្ពុជា និងក្រុមហ៊ុនទូរស័ព្ទឌីធែកកម្ពុជា ដែលបានចូលរួមឧបត្ថម្ភ និងសហការរៀបចំការប្រគុំតន្រ្តីដ៏ធំនេះ ធ្វើឲ្យដំណើរការប្រគុំតន្រ្តីជាលក្ខណប្រវត្តិសាស្ត្រនេះ ដំណើរការទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយ និងទទួលបាននូវជោគជ័យ និងសូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក ចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រី សម្រាប់ប្រជាជនខ្មែរទាំងអស់ ដែលទំាងនេះបញ្ជាក់ឲ្យឃើញថាខ្មែររួមគ្នា ខ្មែរធ្វើបាន ខ្មែរតែមួយអនាគតតែមួយ៕