(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិអំពើសញ្ចារកម្ម ក្នុងនោះមាន៖ អ្នកគ្រប់គ្រង៣នាក់, បុគ្គលិកធម្មតា៤នាក់, សន្តិសុខម្នាក់, នារីម៉ាស្សា២៣នាក់ (សង្ស័យជាអនីតិជនចំនួន២នាក់) និងភ្ញៀវ៦នាក់។

ដោយនៅក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោង៩៖៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សា យីហោអ័រគីដេ ផ្ទះលេខC១៤ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

យោងតាមនគរបាលជំនាញបានឲ្យភ្នាក់ងារ Fresh News ដឹងថា ហាងម៉ាស្សានេះបើកដំណើរការ២៤ម៉ោង ហើយមាននារីបម្រើសេវាម៉ាស្សាចំនួន២៣នាក់ ជាជនជាតិខ្មែរ ក្នុងនោះមាន០២នាក់ ត្រូវបានសង្ស័យថា ជាអនីតិជនដែលមានអាយុចន្លោះពី១៦ឆ្នាំទៅ១៧ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ទីតាំងហាងម៉ាស្សាមានបន្ទប់សម្រាប់ម៉ាស្សាសរុបចំនួន២៧បន្ទប់ ចំពោះតម្លៃសេវារួមភេទដោយប្រើដៃ មានចាប់ពី៣០ដុល្លារឡើងទៅ និងរួមភេទចាប់ពី៥០ដុល្លារឡើងទៅ។ លុយដែលទទួលបានពីភ្ញៀវនោះ មួយចំនួនត្រូវបានចែកទៅឲ្យមេការ ភេទប្រុស០៣នាក់ ដែលជាជនជាតិខ្មែរ។

សមត្ថកិច្ចជំនាញបានបន្តទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះប្រតិបត្តិការទៅឃាត់ខ្លួនមេការគ្រប់គ្រងចំនួន០៣នាក់ និងនារីម៉ាស្សាចំនួន២៣នាក់ ភ្លាមៗតែម្ដង និងដកហូតវត្ថុតាងស្រោមអនាម័យមួយចំនួន នាំមកការិយាល័យជំនាញ។ ក្រោយបញ្ចប់ការសាកសួរ ចំពោះអ្នកដែលពុំពាក់ព័ន្ធ សមត្ថកិច្ចជំនាញអនុញ្ញាត ឲ្យត្រឡប់ទៅវិញជាធម្មតា។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួន បុរសមេការចំនួន០៣នាក់ជាបន្តអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកឯនារីបំរើសេវាម៉ាស្សា ត្រូវបានសមត្ថកិច្ចប្រគល់ជូន មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕