(ព្រះសីហនុ)៖ ត្រីដូហ្វីនមួយក្បាលមានទម្ងន់ជិត ២០០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់ និងរសាត់អណ្តែតមកទើលើឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ នៅវេលាម៉ោង៩៖៥០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។

សេចក្តីរាយការណ៍បន្តថា ចំពោះការងាប់របស់ត្រីដូហ្វីនមួយក្បាលនេះ នៅមិនទាន់មានការបញ្ជាក់ពីមន្រ្តីជំនាញ អំពីមូលហេតុដែលនាំឲ្យត្រីដ៏ កម្រនេះងាប់ ដោយសារមូលហេតុអ្វីនៅឡើយទេ។

តែសម្រាប់មន្ត្រីរដ្ឋបាលជលផលព្រះសីហនុ បានឲ្យដឹងថា ត្រីដូហ្វីនមួយក្បាល ត្រូវបានពលរដ្ឋប្រទះឃើញនេះ មានទំងន់ជិត ២០០គីឡូក្រាម ហើយមានប្រវែងជាង ២០០សង់ទីម៉ែត្រដែលរស់នៅក្នុង សមុទ្រ។

មន្ត្រីជលផលបានបន្តទៀតថា សំរាប់មូលហេតុត្រីផ្សោតសមុទ្រដូហ្វីនដែលងាប់នេះ ក្រុមកាងារមិនទាន់សន្និដ្ឋានច្បាស់លាស់ទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង នៅលើដងខ្លួនមានស្នាមហើម រលាត់ស្បែក ហើយក្រុមការងារសង្ស័យអាចមកពីត្រីផ្សោតសមុទ្រដូហ្វីននេះ មានវ័យចាស់ ព្រោះទំងន់ដល់ជិត ២០០គីឡូក្រាម ហើយធ្មេញត្រីផ្សោតសមុទ្រនោះសឹករិចរិលអស់ហើយ។

សូមបញ្ជាក់ថា ក្រុមការងារជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងយកទៅពិសោធន៍ដើម្បីរកមូលហេតុឲ្យច្បាស់លាស់៕