(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងអភិបាលកិច្ចល្អ សំដៅគាំទ្រការអភិវឌ្ឍវិស័យឯកជន តាមរយៈការផ្តល់នូវសេវាសាធារណៈប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព ដើម្បីលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកអត្ថប្រយោជន៍ពីការធ្វើ សមាហរណកម្ម ទៅក្នុងកម្រិតតំបន់ និងពិភពលោក។

ការបញ្ជាក់របស់រដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ លើកទី១ ដែលរៀបចំឡើងនៅទីស្នាក់ការ សភាពាណិជ្ជកម្មកម្ពុជា នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មរាជធានី-ខេត្តជាង១០០នាក់។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិថ្មី និងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មទាំងអស់ ពង្រឹងកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលថែមទៀត ដើម្បីដើម្បីនាំមក នូវវឌ្ឍនភាព និងវិបុលភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពផ្នែកសង្គមសេដ្ឋកិច្ច និងសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួលការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤។

«ការសម្រេចបាននូវកត្តាទាំងអស់នេះ បានជួយឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ដែលរួមចំណែកយ៉ាងសំខាន់ ដល់ការបង្កើតឱកាសការងារ និងការកាត់ភាពក្រីក្រ ហើយបានប្រែក្លាយពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងជាខ្លាថ្មីនៅអាស៊ី»។ លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍បន្ថែម។

ទន្ទឹមគ្នានោះដែរ ដើម្បីធានាដល់ការលូតលាស់ នៃវិស័យពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាពលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍ចំនួន ៤ ដល់សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី/ខេត្ត ដូចខាងក្រោម៖

*ទី១៖ ត្រូវខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងនោះ ត្រូវខិតខំរៀបចំបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅច្រើន
*ទី២៖ ត្រូវនៅជិតអាជីវករដែលជាសមាជិកធម្មតា ដើម្បីដឹងពីសុខទុក្ខ ឬបញ្ហាប្រឈម ដោយទទួលយកសំណូមពរនានា ដើម្បីផ្តល់ជាអនុសាសន៍ជូនរាជរដ្ឋាភិបាល ហើយត្រូវលើកកម្ពស់ ការយល់ដឹងរបស់ពួកគាត់ អំពីអត្ថប្រយោជន៍ នៃការចូលរួមជាមួយសភាពាណិជ្ជកម្ម ដែលជាតំណាងឱ្យវិស័យឯកជន
*ទី៣៖ ត្រូវធ្វើការផ្តល់ព័ត៌មាន និងសេវាផ្សេងៗ ឱ្យបានទាន់ពេលវេលា ដល់សមាជិក-សមាជិកា ដើម្បីធានាឱ្យដំណើរការមានភាពរលូន
*ទី៤៖ ត្រូវពង្រឹងការយល់ដឹងរបស់សមាជិក-សមាជិកា អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងកាងាររគ្រប់គ្រងរដ្ឋបាល ឱ្យមានដំណើរការជាប្រចាំ ហើយត្រូវបន្តរៀបចំទីស្នាក់ការឱ្យបានច្រើនថែមទៀត ជាពិសេសនៅតាមបណ្តារាជធានី/ខេត្ត ដែលមិនទាន់មាន។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃនោះ បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អាណត្តិទី៤។

អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល៩ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោតឲ្យបន្តដឹកនាំ សភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕