(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កាកសំណល់ប្លាស្ទីកចំនួន ៨៣កុងតឺន័រ ដែលលួចនាំចូលប្រទេសកម្ពុជាដោយខុសច្បាប់ និងនាំចូលដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ត្រូវបានដឹកត្រឡប់ទៅប្រទេសដើមវិញហើយ។

ជាមួយគ្នានេះ ក្រុមហ៊ុនប្រព្រឹត្តល្មើស ក៏បានបង់ពិន័យជាប្រាក់ចូលថវិកាជាតិ និងបានបំពេញនូវកាត្វកិច្ចមួយចំនួនផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានសម្រេចដាក់បន្ទុកលើក្រុមហ៊ុន ដែលប្រព្រឹត្តល្មើសរួមមាន៖ ការបង់ពិន័យជាប្រាក់ ចូលថិកាជាតិ និងតម្រូវឲ្យនាំចេញនូវកាកសំណល់ប្លាស្ទីកទាំងនេះ ត្រឡប់ទៅប្រទេសដើមវិញហើយ។

ទន្ទឹមនឹងនោះ សាមីក្រុមហ៊ុនបានបំពេញកាតព្វកិច្ចដូចខាងក្រោម៖

*ទី១៖ ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន
*ទី២៖ ក្រុមហ៊ុនបានដឹកជញ្ជូនកាកសំណល់ប្លាស្ទីកចេញពីកម្ពុជាចំនួន១៤ កុងតឺន័រនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩
*ទី៣៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនបានបន្ដដឹកចេញពីកម្ពុជានូវកាកសំណល់ប្លាស្ទីកចំនួន ៦៩កុងតឺន័រដែលនៅសល់។ ដូច្នេះក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD បានបំពេញតាមលក្ខខណ្ឌទាំងអស់ ដែលបានសម្រេចដោយអាជ្ញាំធរមានសមត្ថកិច្ចចប់សព្វគ្រប់។

សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ មានទម្ងន់ជិត ១៦០០តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដាចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការឆែកឆេរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។

តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១,៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី(២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។

តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍ មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថានទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុ គ្រោះថ្នាក់ផ្សេងឡើយ៕