(ស្ទឹងត្រែង)៖ វគ្គសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងគ្លីនិកថែទាំ និងព្យាបាលជម្ងឺគ្រុនឈាមនៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើឡើងដោយមានការ ចូលរួមពីមន្រ្តីសុខាភិបាលចំនួន ១៥០នាក់ មកពីខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានអនុគណៈកម្មការគ្លីនិកប្រយុទ្ធ និងជម្ងឺគ្រុនឈាម បានលើកឡើងថា ជម្ងឺគ្រុនឈាមស្ថិតនៅដំណាក់កាល ណាក៏ដោយ មន្ទីរសុខាភិបាល ត្រូវពិនិត្យតាមដានឲ្យបានដិតដល់ទាំងនៅសេវារដ្ឋ និងឯកជន។

លោកសាស្ត្រាចារ្យបានបន្តថា គ្រូពេទ្យទាំងអស់ ធ្លាប់ដឹង ធ្លាប់ជួប និងធ្លាប់បានឃើញហើយថា នៅតាមមណ្ឌលសុខភាព ឬនៅគ្លីនិកឯកជនដែលខ្វះវិជ្ជាជីវៈ បង្កឲ្យមានគ្រោះថ្នាក់ ដូចនេះគ្រូពេទ្យត្រូវ សិក្សារៀនសូត្របន្ថែម ដើម្បីទៅបំរើសេវាសុខាភិបាល ជួយប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពត្រូវគិតពីការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាធំ កុំមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួនជាងសុខទុក្ខ ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា «កាតព្វកិច្ចនេះ មន្ទីរមានផែនការ តាមដានជាប្រចាំនៅតាមមណ្ឌលសុខភាព និងតម្រូវឲ្យមានរបាយការណ៍ស្តីពីសកម្មភាព ការងារប្រចាំសប្តាហ៍ និងប្រចាំខែ ដើម្បីបង្កើនការទទួលខុសត្រូវ និងតាមដានជម្ងឺឆ្លង។ ចំណែកគ្លីនិកឯកជន ក៏តម្រូវឲ្យមានច្បាប់ និងមានវិជ្ជាជីវៈជាគ្រូពេទ្យត្រឹមត្រូវផងដែរ។

អនុប្រធានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមគណៈកម្មការគ្រូពេទ្យខេត្ត បានចុះទៅពិនិត្យនៅតាមមណ្ឌលសុខភាព និងសេវាឯកជន ក្នុងមួយខែចំនួនពីរលើក ដើម្បីពង្រឹងសេវាសុខាភិបាល ទាំងសមត្ថភាពទាំងផ្នែកច្បាប់ឲ្យមានសេវាថែទាំ ឬបន្ទប់ព្យាបាលត្រឹមត្រូវ និងតម្រូវឲ្យមានការចុះបញ្ជីការបានគ្រប់ៗគ្នា។

គួររំលឹកផងដែរថា ដោយមានការបំរែបំរួលអាកាសធាតុ និងមានភ្លៀងធ្លាក់ញឹកញាប់ បានធ្វើឲ្យមានវត្តមានមូសខ្លានៅតាមមូលដ្ឋាន ហើយគេសង្កេតឃើញថា ជម្ងឺគ្រុនឈាមមានការកើតឡើងគួរជាទីកត់សម្គាល់ ដោយមានការជម្រុញពីសាស្រ្តាចារ្យវិជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទើបមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង ប្រជុំផ្សព្វផ្សាយពាក់ព័ន្ធ និងជម្ងឺគ្រុនឈាម ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រុនឈាមនេះ៕