(ភ្នំពេញ)៖ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ដើមឆ្នាំ២០១៩ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានស្ថានភាពល្អប្រសើរ ដោយក្នុងនោះពាក់កណ្ដាលឆ្នាំ២០១៩ មានធនាគារចំនួន៥៨រួមមានធនាគារឯកទេស និងធនាគារពាណិជ្ជ ដោយមានផលបត្រឥណទានលូតលាស់ជិត១៣% ហើយការលូតលាស់នៃបញ្ញើសន្សំ មានប្រមាណជាង៨% ដែលមានផលបត្រឥណទានចំនួន២៣.៧ប៊ីលានដុល្លារ។

លោកបន្ដថា ការរីកចម្រើនៃវិស័យធនាគារទាំងប្រាក់បញ្ញើសន្សំ ទាំងគុណភាពឥណទាន មានភាពល្អប្រសើរ នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អ៉ិន ចាន់នី បានថ្លែងឲ្យដឹងថា «ការរីកចម្រើននៃវិស័យធនាគារ និងហិរញ្ញវត្ថុនេះ អាស្រ័យទៅលើចំនួនធនាគារជារឿងសំខាន់។ បច្ចុប្បន្នធនាគារមានចំនួនច្រើន នៅកម្ពុជាមានប្រជាជន១៦លាននាក់ ហើយចំនួនធនាគារមាន៥៨ រីឯបញ្ញើសន្សំបើធៀបនឹងចំនួនឥណទាន ការលូតលាស់ក៏ប្រហាក់ប្រហែលគ្នា ព្រោះបញ្ញើសន្សំជាទុនសំខាន់ ក្នុងការផ្គត់ផ្គង់ការលូតលាស់ ក្នុងវិស័យឥណទាន ហើយបើមើលតែមួយជ្រុងម្យ៉ាង ការលូតលាស់ឥណទាន លូតលាស់ប្រាក់បញ្ញើ មិនទាន់ពេញទេ តែបើមើលគុណភាពរបស់ឥណទាន គឺមានគុណភាពល្អ»។

លោកបានបន្ដថា ក្នុងឆ្នាំ២០១៨ឥណទាន ដែលសងមិនទាន់កាលកំណត់ ក្នុងវិស័យទាំងមូល បើតាមតួលេខរបស់ធនាគារជាតិនៃកម្ពុជា មានប្រមាណជា២% ប៉ុណ្ណោះ ចំណែកឯឆ្នាំនេះក៏មានគុណភាពហាក់ប្រហែលគ្នាដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងឲ្យដឹងថា ជាមួយនឹងការរីកចម្រើនវិស័យធនាគារ ក៏មានបញ្ហាប្រឈមមិនខុសពី ប្រទេសដែលកំពុងមានការអភិវឌ្ឍន៍នានា លើពិភពលោកដែរ។ ធនាគារប្រៀបដូចជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ ការលូតលាស់សេដ្ឋកិច្ចក្នុងប្រទេស ដូច្នេះសេដ្ឋកិច្ចរបស់ប្រទេសមានការរីកចម្រើន ធនាគារក៏រីកចម្រើន ព្រោះ បំពេញឲ្យគ្នាទៅវិញទៅមក។

លោកបណ្ឌិតបញ្ជាក់ថា បញ្ហាប្រឈម គឺពាក់ព័ន្ធនឹងឥណទាន បើក្រឡែកមើលអាជីវកម្មទូទៅ រួមទាំងចំពោះធនាគារគេគិតលើចំណុច៣រួមមាន៖ ការចំណាយ, អត្ថប្រយោជន៍ និងកត្តាហានីភ័យ ក្នុងនោះកត្តាហានីភ័យមានដូចជា ប្រសិនបើឲ្យខ្ចីទៅប្រមូលមិនបាន ប្រាក់សំណងមិនបានច្រើន ដូចការគ្រោងទុក, ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច របស់ប្រទេស និងសេដ្ឋកិច្ចរបស់ពិភពលោក ព្រោះការនាំចេញនាំចូលរបស់ប្រទេសនីមួយៗ ផ្អែកលើទីផ្សាររបស់ប្រទេសនោះ ទៅលើទីផ្សារអ្នកនាំចេញសហគ្រាស ដែលជាអតិថិជនរបស់គ្រឹះស្ថានធនាគារ។

លោកបណ្ឌិតឲ្យដឹងទៀតថា ទាក់ទងនឹងហានីភ័យនៃការអនុវត្តន៍ច្បាប់ ប្រសិនបើស្ថាប័ននីមួយៗ អនុវត្តន៍មិនបានពេញលេញតាមបទបញ្ញត្តិទេ នឹងរងទោសទណ្ឌពិន័យរបស់អាជ្ញាធរនិយ័តកម្ម នេះជាហានីភ័យមួយសំខាន់ ហើយកត្តាហានីភ័យមួយទៀតគឺ ពាក់ព័ន្ធនឹងកេរ្ដិ៍ឈ្មោះ ព្រោះកាលណាដែលយើងប្រព្រឹត្តិមិនត្រឹមត្រូវតាមធនាគារ ឬមានការត្អូញត្អែរអំពីសំណាក់អតិថិជន របស់ធនាគារក៏ត្រូវបានរាប់ចូល ជាហានីភ័យផងដែរ។

ជាមួយគ្នានេះ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមើលឃើញថា ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា ពិតជាបានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រាកដមែន មិនដូចការលើកឡើងមួយចំនួន ដែលនិយាយថា កម្ចីរបស់គ្រឹះស្ថានហិរញ្ញវត្ថធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លីនោះឡើយ។

លោកបណ្ឌិតបញ្ជាក់ថា «យើងទាំងអស់គ្នាបានដឹងហើយថា មិនមែន១០០%យកទៅ ប្រើប្រាស់បានជោគជ័យទាំងអស់គ្នានោះទេ ព្រោះអ្នកខ្លះអាចយកមូលនិធិទៅយកទៅប្រើខុសពី អ្វីដែលបានយល់ព្រមខុសពីស្ថាប័នឲ្យខ្ចីទុន សម្រាប់យកទៅចាប់ផ្ដើមុខរបរ ប៉ុន្ដែបែរជាយកទៅប្រើប្រាស់ខុសគោលដៅ ទិញរបស់របរអីផ្សេងក្រៅពី ការព្រមព្រៀងជាមួយស្ថាប័នឲ្យខ្ចី ឬមានជំងឺធ្ងន់ធ្ងរជាដើម។ ខ្ញុំចង់បញ្ជាក់ថា ការប្រើប្រាស់ហិរញ្ញវត្ថុ និងទុនហិរញ្ញវត្ថុពិតជាបានជួយ ឲ្យមានការរីកចម្រើន ជាមួយសេដ្ឋកិច្ចជាតិរីកចម្រើន ជីវភាពគ្រួសារក៏រីកចម្រើនដូចគ្នាដែរ ហើយបើក្រឡែកមើលទៅប្រាក់ចំណូល របស់ពលរដ្ឋប្រចាំឆ្នាំក៏មានអត្រាខ្ពស់ផងដែរ ដែលមានប្រមាណ១,៥៣៨ដុល្លារ ក្នុងឆ្នាំ២០១៨»៕