(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចេញលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០១៩ ដោយប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។ នេះបើយោងតាមលិខិត របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

យោងតាមលិខិតរបស់ក្រសួងបរិស្ថាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, បានអះអាងយ៉ាងបញ្ជាក់ដូច្នេះថា៖ «កម្ពុជាប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពល នៃការកើនកម្តៅខ្ពស់»

ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០១៩នេះ គឺជាខួបលើកទី៣៤ហើយ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» និងត្រូវជាខួបលើកទី៣២ នៃការបង្កើត «ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន»

ក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏បានអបអរសាទរជាមួយរដ្ឋាភិបាល និងបណ្តាប្រជាជាតិ នៅលើសកលលោក ដែលបានរួមគ្នាប្រារព្ធទិវា ស្រទាប់អូហ្សូនពិភពលោក ក្រោមប្រធានបទ «៣២ឆ្នាំ នៃពិធីសារម៉ុងរ៉េអាល់ និងការធ្វើឱ្យប្រសើរឡើងនៃស្រទាប់អូហ្សូន» ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យបន្តចូលរួមថែរក្សាការពារស្រទាប់អូហ្សូន និងសាទរនូវជោគជ័យ របស់ពិធីសារម៉ុងរ៉េអាល់ ក្នុងកិច្ចការពារស្រទាប់អូហ្សូន។

បើតាមក្រសួងបរិស្ថាន, មកដល់ពេលនេះ ប្រជាជាតិលើពិភពលោក បានលុបបំបាត់ស្ទើរទាំងស្រុង នូវសារធាតុបំផ្លាញស្រទាប់អូហ្សូន ហើយយើងនឹងសង្ឈឹមថា ស្រទាប់អូហ្សូន នឹងភ្ជិតមកវិញនៅទស្សវត្សរ៍ ឆ្នាំ២០៥០ខាងមុខ៕