(ភ្នំពេញ)៖ កាលពីដើមខែសីហា ឆ្នាំ២០១៩ គណៈគ្រប់គ្រងនៃសាកលវិទ្យល័យអន្តរជាតិ ផារ៉ាហ្គន ដែលដឹកនាំដោយ លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានធ្វើដំណើរទស្សនកិច្ច ទៅកាន់សាកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងសាកលវិទ្យាល័យ។

ក្នុងន័យនេះ ឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិត និងការបន្តការសិក្សានៅសហរដ្ឋអាមេរិក នឹងមានកាន់តែច្រើនសម្រាប់និស្សិត នៃសាកលវិទ្យល័យអន្តរជាតិ ផារ៉ាហ្គន។

ប្រតិភូសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបានចូលរួមពិភាក្សា ជាមួយសាកលវិទ្យាល័យមួយចំនួន នៅសហរដ្ឋអាមេរិកកាលពីខែសីហានេះ រួមមាន៖ សាកលវិទ្យាល័យ ខាប្រ៊ីនី (Cabrini University) នៅរដ្ឋ Pennsylvania, សាកលវិទ្យាល័យ សេលឹមស្តេត (Salem State University), និងមហាវិទ្យាល័យ អ៊ែមើរសឹន (Emerson College) នៅទីក្រុងបុស្តុនរដ្ឋម៉ាសាឈូសេត។ កិច្ចពិភាក្សានេះ គឺផ្ដោតលើឱកាសសម្រាប់និស្សិតចូលរួម ក្នុងកម្មវិធីផ្លាស់ការសិក្សារយៈពេលខ្លី កម្មវិធីសិក្សាដើម្បីទទួលបាន សញាបត្របរិញ្ញាបត្រពីរ(២+២) និង កម្មវិធីផ្លាស់ប្ដូរការសិក្សាតាមរយៈការផ្ទេរពិន្ទុ ពីសាកលវិទ្យល័យអន្តរជាតិ ផារ៉ាហ្គន ទៅសាកលវិទ្យាល័យដែលជាដៃគូ។

រួមជាមួយនឹងដំណើរកិច្ចពិភាក្សាផ្លូវការនេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក៏បានដឹកនាំក្រុមនិស្សិត ដែលមកពីជំនាញផ្សេងៗ ដើម្បីចូលរួមដំណើរកម្សាន្តរយៈពេល ២សប្តាហ៍ នៅសហរដ្ឋអាមេរិកផងដែរ។ ដំណើរកំសាន្តនេះ រួមមានការសិក្សា និងពិភាក្សានៅក្នុងថ្នាក់រៀនពិត ជាមូយនិស្សិតនៅទីនោះ ការសិក្សាពីសិល្បៈ វប្បធម៌ សេដ្ឋកិច្ច ការទស្សនា និងសម្រាកកម្សាន្ត នៅទីក្រុងបុស្តុន និងបុរីញូយ៉ក។

គួរកត់សម្គាល់ផងដែរថា ជាលទ្ធផលនៃទំនាក់ទំនងភាពជាដៃគូ សាកលវិទ្យល័យអន្តរជាតិ ផារ៉ាហ្គន បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមក ជាមួយសាកលវិទ្យាល័យនានា នៅជុំវិញពិភពលោក ដូចជា កូរ៉េខាងត្បូង កាណាដា អូស្ត្រាលី អាមេរិក ថៃ ចិន ម៉ាឡេស៉ី និងបណ្តាប្រទេសផ្សេងៗទៀត។ ជាក់ស្តែង សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានបញ្ជូននិស្សិតជាច្រើន ដើម្បីបន្តការសិក្សា ការចូលរួមកម្មវិធីផ្លាស់ប្ដូរនិស្សិត ការចូលរួមការប្រកួតលក្ខណៈអន្តរជាតិ ការចូលរួមការសិក្សាកម្មវិធី ២+២ និងដំណើរកម្សាន្តរយៈពេលខ្លី ទៅកាន់សាកលវិទ្យាល័យជាដៃគូទាំងនោះ៕