(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបានប្រជុំផ្សព្វផ្សាយដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបាត់ដំបង និងត្រៀមរៀបចំផែនការពារ និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ក្រោមវត្តមានលោក 

ងួន រតនៈ អភិបាលខេត្ត អភិបារងខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ កងកម្លាំងសមត្ថកិច្ច មន្ទីរអង្គភាពនានាជុំវិញខេត្ត។

លោក ងួន រតនៈ បានបើកកិច្ចប្រជុំដោយណែនាំថ្នាក់ដឹកនាំទាំងអស់ការប្រមូលទិន្នន័យអំពីការដោះស្រាយបញ្ហាប្រឈមដែលបានពីវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបាត់ដំបងកន្លងមកដើម្បីរួមគ្នាដោះស្រាយជូនពួកគាត់។

លោក ងួន រតនៈ បានបញ្ជាក់ថា «បន្ទាប់ពីយើងបានពិភក្សាគ្នាដើម្បីធ្វើការដោះស្រាយជុំទី១ អំពីបញ្ហាផ្សេងៗ លើគ្រប់វិស័យដែលជាកង្វល់ សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានចប់ហើយ នឹងបន្តធ្វើវេទិកាសាធារណៈជុំទី២ នាពេលខាងមុខទៀត»

ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងនគរបាលខេត្ត បានឡើងរាយការណ៍ស្តីពី ការត្រៀមរៀបចំកម្លាំងអន្តរាគមន៍រួចជាស្រេច សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៩នេះរួចហើយ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ក្រោយពីបានទទួលកិច្ចប្រជុំនេះរួច សូមអស់លោកដែលបានទទួលផែនការកិច្ចការពារនេះនិងការងារផ្សេងៗយកទៅអនុវត្តឲ្យ ទទួលបានជោគជ័យ។ លោកបានបន្តថា «ខេត្តយើងនឹងត្រូវធ្វើពិធីបុណ្យអ៊ុទូកថ្នាក់ខេត្ត ចំថ្ងៃបុណ្យចេញព្រះខាងមុខនេះ ដោយមានការតាំងពិព័រណ៍ផងដែរ ហើយក្រុមការងារក្រុងត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ»