(រតនគិរី)៖ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែន យក្សឡោម បានទទួលសម្ភារសិក្សា​ និងអំណោយ ក៏ដូចជាការពិសារនំបញ្ចុកសាមគ្គី​ ជាមួយក្រុមរាជសីហ៍។

អំណោយទាំងនោះ រួមមាន៖ លោកគ្រូ-អ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗ សារុង១ ថវិកា២ម៉ឺនរៀល។ សិស្សានុសិស្សក្នុងម្នាក់ៗ សៀវភៅចំនួន ២ក្បាល, ប៊ិចចំនួន ២ដើម, ខ្មៅដៃចំនួន ២ដើម, បន្ទាត់ចំនួន១, កាតាបចំនួន១, ថវិកាចំនួន ៥ពាន់រៀល, នំចំនួន ១កញ្ចប់។

លោក ស៊ូម សារឿន ប្រធានក្រុមរាជសីហ៍ បានថ្លែងថា បើទោះបីជាអំណោយខាងលើវាតិចតួចក៏ពិតមែន ក៏ប៉ុន្តែបានបង្ហាញពីការយកចិត្តទុកដាក់ និងរួមចំណែកគិតគូពីភាពលំបាក ខ្វះខាតនានារបស់សិស្សានុសិស្ស ពីសំណាក់ថ្នាក់ដឹកនាំ មកពីអង្គនីតិបញ្ញត្តិ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការចូលរួមពីសប្បុរសជន ជាសមាជិកក្រុមរាជសីហ៍ ក្នុងកិច្ចការងារមនុស្សធម៌ ដ៏វិសេសវិសាលមួយនេះ។

នាឱកាសនេះ លោក ទេព យុទ្ធី សមាជិកព្រឹទ្ធសភា ភូមិភាគ៥ និងជាប្រធានទីប្រឹក្សាជាន់ខ្ពស់ក្រុមរាជសីហ៍ បានជំរុញការយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ-អ្នកគ្រូ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន, ជាតិស្រវឹង នៅក្នុងសាលាបឋមសិក្សា និងលើកកម្ពស់ការហាត់ប្រាណដើម្បីសុខភាព។

លោក ពុត ដានី អភិបាលរងក្រុងបានលុង បានថ្លែងអំណរគុណដល់ក្រុមរាជសីហ៍ ក្នុងការចុះសាកសួរសុខទុក្ខ សិស្សានុសិស្សនៃបឋមសិក្សា ហ៊ុន សែន យក្សឡោម និងជួយលើកស្ទួយក្នុងបណ្តុះវិស័យអប់រំ ក៏ដូចជាបានដោះស្រាយសំណើ អណ្តូងស្នប់ចំនួន១ សម្រាប់ប្រើប្រាស់ក្នុងសាលាបឋមសិក្សា និងបម្រើផលប្រយោជន៍សហគមន៍ផងដែរ៕