(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក តុល ស៉ីណាន ប្រធានក្រុមកង់តំបន់ភ្នំអារ៉ែង បានដឹកនាំសមាជិក នាំយកអំណោយមនុស្សធម៌ របស់លោក ទៀ សុខា ប្រធានកិត្តិយសក្រុមកង់តំបន់ភ្នំអារ៉ែង និងលោកឧកញ៉ា ទៀ វិចិត្រ ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ស៉ិន វណ្ណះ។

លោកស្រី ស៉ិន វណ្ណះ មានកូន៣នាក់ ដែលប្តីរបស់គាត់ត្រូវបានឃាតកសម្លាប់កាពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ហើយគាត់ត្រូវរស់នៅដោយលំបាកក្នុងផ្ទះធ្លុះដំបូល ជញ្ជាំងធ្លុះធ្លាយ ត្រូវខ្យល់ត្រូវភ្លៀង ខ្វះទីពីង គ្មានក្តីសង្ឃឹម បន្ទាប់ពីបាត់បង់បង្គោលគ្រួសារ។

លោកស្រី ស៊ិន វណ្ណះ ញញឹមនិងនិយាយដោយអួលដើមកថា «ខ្ញុំលែងឯកោរហើយ លោកឧកញ៉ា ទៀ វិចិត្រ និងលោក ទៀ សុខា បានផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ ឲ្យខ្ញុំមានជម្រក សមរម្យរស់នៅ មានកម្លាំងចិត្តដើម្បីបន្តរស់នៅមើលថែរក្សាបីបាច់កូនៗ»

លោក តុល ស៉ីណាន បាឲ្យដឹងថា ពួកលោកធ្វើដំណើរមកនេះ គ្មានអ្នកណាម្នាក់ត្អូញត្អែរនោះទេ ហើយពួកលោកមកដោយស្ម័គ្រចិត្តជួយប្រក់ដំបូលផ្ទះ និងជួយបិទបាំងជញ្ជាំងផ្ទះលោកស្រី ដើម្បីឲ្យគាត់និងកូនៗបានរស់នៅសមរម្យនឹងគេ។ ចំពោះដំបូល និងជញ្ជាំងសង្ក័សី រួមទាំងអំណោយមនុស្សធម៌ និងថវិកាមួយចំនួនដែលផ្តល់ជូនគាត់នាពេលនេះ គឺបានមកពីលោក ទៀ សុខា និង លោកឧកញ៉ា ទៀ វិចិត្រ។

គួរបញ្ជាក់ថា តាំងពីព្រលឹមស្រាងៗ ក្រុមកង់តំបន់ភ្នំអារ៉ែងប្រមាណ២០នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ភូមិសំបុកគ្រាល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាជាមួយប្រជាពលរដ្ឋក្នុងភូមិ ជួយជួសជុលផ្ទះ ប្រក់ដំបូល និងបិទជញ្ជាំងផ្ទះជូនដល់គ្រួសារស្ត្រីមេម៉ាយ ស៊ិន វណ្ណះ ដើម្បីឲ្យគាត់អាចរស់នៅជាមួយកូនៗ បានសមរម្យដូចគេដូចឯង។ ការងារទាំងអស់នេះអាចធ្វើទៅបាន គឺដោយសារប្រធានកិត្តិយស ទៀ សុខា ដែលតែងតែបណ្តុះស្មារតី ឲ្យចេះរួបរួមសាមគ្គីគ្នា ប្រកបដោយឆន្ទៈ ក្នុងការចូលរួមចំណែកកិច្ចការងារមនុស្សធម៌៕