(កំពង់ធំ)៖ នៅវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ បានពិធីចែកអំណោយដល់សិស្សពិការ ២រូប ដែលបានប្រឡងជាប់និទ្ទេស D។

អ្នកទាំងរួមមានគឺទី១៖ ឈ្មោះ អ៊ុន កុសល រៀននៅវិទ្យាល័យបារាយណ៍ ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំពិការដៃទាំងពីរ និងទី២៖ ឈ្មោះ ង៉ោ គឹមណេង រៀននៅវិទ្យាល័យកំពង់ធំ មកពីស្រុកប្រាសាទបាល័ង្កពិការភ្នែក ទទួលបានកុំព្យូទ័រ laptop ម្នាក់១គ្រឿង។

ការចែកអំណោយដល់សិស្សពិការ មានការចូលរួមពីលោក ហេង សុខណា ជាសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនថ្នាក់កណ្ដាល និងលោកស្រី រ៉េន សុខវឌ្ឍនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ សាខាពន្ធដារខេត្តកំពង់ធំ និងសហភាពសហព័ន្ធយុវជនខេត្តកំពង់ធំ និងនាយិកា លោកគ្រូ អ្នកគ្រូផងដែរ។

លោក ហេង សុខណា បានសំណេះសំណាលជាមួយសិស្សពិការទាំង២ និងឪពុកម្ដាយ។ លោកថ្លែងថា អ្វីដែលជាតម្រូវការរបស់ប្អូនៗ គឺក្រុមការងារនឹងជួយឧបត្ថម្ភគ្រប់ពេលវេលា ពិសេសគឺផ្ដល់នូវអាហារូបករណ៍ សម្រាប់ប្អូនៗរៀននៅសាកលវិទ្យាល័យផងដែរ។

លោកបន្តថា សូមឲ្យខិតខំនឹងព្យាយាមរៀនសូត្រ ដើម្បីសម្រេចបំណងប្រាថ្នាដែលប្អូនៗ ចង់សម្រេចគោលដៅ និងកសាងប្រទេសជាតិឲ្យមានការរីកចម្រើន។ នេះជាឱកាសរបស់ប្អូនៗ ត្រូវរៀបចំផែនការជីវិតរបស់ខ្លួន ក្នុងការបង្កើតទំនាក់ទំនង គ្រប់ទីកន្លែងដើម្បីឱ្យខ្លួនមានការអភិវឌ្ឍ។ ឪពុកម្ដាយត្រូវចំណាយពេលវេលា និងលើកទឹកចិត្តកូនសព្វបែបយ៉ាង ពិសេសរកកន្លែងស្នាក់នៅ ឲ្យបានសមរម្យសម្រាប់ពួកគាត់។

យុវសិស្សទាំង២នាក់ បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ ឲ្យក្លាយទៅជាមនុស្សល្អមានឆន្ទៈ និងមានការទទួលខុសត្រូវខ្ពស់ផងដែរ៕