(ត្បូងឃ្មុំ)៖ លោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ទៅចែកជូនប្រជាពលរដ្ឋចំនួន២,៥៣៩គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកត្បូងឃ្មុំ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។

នាឱកាសចុះសំណេះសំណាល ចែកអំណោយជូនពលរដ្ឋនោះ ក៏មានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង ស្ថាប័ន មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីកាកបាទក្រហមខេត្ត។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណេះសំណាលផ្តល់ភាពកក់ក្តៅ និងពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុត ពីសុខទុក្ខបងប្អូន។

លោកប្រធានកិត្តិយសសាខាកាកបាទខេត្ត បានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួន ពិសេសមើលថែកូនតូចៗនឹងចាស់ជរា។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវជឿទុកចិត្តលើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ដែលមិនបានជួយអ្វីដល់ប្រជាពលរដ្ឋ ថែមទាំងបង្កឲ្យមានភាពចលាចល ចង់ឲ្យខ្មែរបែកបាក់ និងបង្កើតឲ្យមានភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីម្ដងទៀត។

ជាមួយគ្នានោះ លោកក៏បានបញ្ជាក់ថា ដោយសារគ្រោះមហន្តរាយធម្មជាតិ តែងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងខេត្ត ជាបន្តបន្ទាប់នោះ តាមគម្រោងឆ្នាំ២០២០ខាងមុខនេះ នៅខេត្តត្បូងឃ្មុំ នឹងរៀបចំឲ្យមានដីទីទួល សុវត្ថិភាពមួយកន្លែង មានទំហំរហូតដល់១០ហិកតា ដើម្បីជាទីស្នាក់អាស្រ័យបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានឲ្យដឹងថា ស្ថានភាពនៃទឹកជំនន់ បានបណ្តាលឲ្យប្រជាពលរដ្ឋ ទទួលរងនូវការលិចលង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងដំណាំផ្សេងៗចំនួន៤ស្រុក មានស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកអូររាំងឳ ស្មើនឹង១៨ឃុំ ៨៦ភូមិ បានជម្លៀសប្រជាពលរដ្ឋ មកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព សរុបចំនួន៣,២៥៨គ្រួសារ ស្មើនឹង១០,២៩១នាក់។

លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឲ្យដឹងទៀតថា ក្នុងរយៈពេល២សប្តាហ៍ នៃខែកញ្ញានេះ សាខាកាកបាកក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ និងស្នាក់នៅទីទួលសុវត្ថិភាពបាន៦លើក ស្មើនឹង២,១១៣គ្រួសារ រួមមាន ស្រុកអូររាំងឪ១លើក ស្មើនឹង៣៤គ្រួសារ ស្រុកតំបែរ១លើក ស្មើនឹង២៥គ្រួសារ ស្រុកក្រូចឆ្មារ១លើក ស្មើនឹង៣០០គ្រួសារ និងស្រុកត្បូងឃ្មុំ៣លើក ស្មើនឹង១,៧៥៤គ្រួសារ។

លោកបន្តទៀតថា ដោយឡែកនាថ្ងៃនេះ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បន្តជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន២,៥៣៩គ្រួសារ ក្នុងឃុំចំនួន៤ រួមមាន៖ ឃុំជីរោទិ៍ទី១ ឃុំទន្លេបិទ ឃុំបឹងព្រួល និងឃុំពាមជីលាំង នៃស្រុកត្បូងឃ្មុំ ដែលរងគ្រោះទឹកជំនន់ និងកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សរុបទូទាំងខេត្ត ប្រជាពលរដ្ឋទទួលអំណោយ ពីសាខាកាកបាទក្រហមខេត្ត ប្រមាណជិត៤,៧០០គ្រួសារហើយ៕