(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ គេហទំព័រ Bookmefly.com ជាដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធថ្មី ក្នុងការផ្តល់សេវាកម្មកក់សំបុត្រយន្តហោះ តាមរយៈអ៊ីនធើណេតដែលផ្តល់ជូននូវតម្លៃសំបុត្រពិសេសៗនៅក្នុងប្រទេសនោះ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Pi​ Pay ដែលជាកម្មវិធីទូទាត់មិនប្រើសាច់ប្រាក់ឈានមុខគេនៅកម្ពុជា ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីចាប់រង្វាន់ «Bookmefly & Win» ដែលកម្មវិធីនេះធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ Pi Pay តែប៉ុណ្ណោះ។

រង្វាន់ដែលនឹងត្រូវផ្តល់ជូន គឺសំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃ សម្រាប់ទៅកាន់គោលដៅសំខាន់ៗ ដែលជាទីពេញនិយមសំរាប់ការលំហែកាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមាន ក្រុងសៀមរាប ជាទីក្រុងអច្ឆរិយៈនៃប្រទេសកម្ពុជា ទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងម៉ានីល ដែលជារាជធានីនៃប្រទេសហ្វីលិពីន ដោយធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ដែលរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉េត និងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ។

អ្វីដែលកាន់តែពិសេសសម្រាប់រង្វាន់ទៅកាន់គោលដៅខេត្តសៀមរាប គឺការបន្ថែមជូននូវការស្នាក់នៅរយៈពេលមួយយប់ រួមទាំងអាហារពេលព្រឹកនៅសណ្ឋាគារលំដាប់ផ្កាយ ៥ រ៉ូយ៉ាល់អង្គររីសត និងស្ប៉ា។ គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០១៩ ក្នុងអំឡុងពេល៧សប្តាហ៍នេះ អតិថិជនដែលធ្វើការកក់ការហោះហើរណាមួយ តាមរយៈគេហទំព័រ Bookmefly.com ក៏ដូចជាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនផាយផេ ដោយធ្វើការទូទាត់តាមរយៈ ផាយផេ នឹងមានសិទ្ធិចូលរួមការចាប់រង្វាន់នេះ។

លក្ខខណ្ឌនៃការចូលរួមគឺមិនកំណត់ទៅលើចំនួនសំបុត្រ និងគោលដៅដែលអ្នកទៅ ឬប្រភេទសំបុត្រដែលអ្នកកក់នោះឡើយ ពោលគឺយើងរាប់បញ្ចូលរាល់ការកក់បានសម្រេចនីមួយៗរបស់អ្នក។ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលក្នុងប្រព័ន្ធនៃកម្មវិធីចាប់រង្វាន់នេះដោយស្វ័យប្រវត្តិ ក្រោយការកក់របស់អ្នកបានបញ្ចប់។ កក់កាន់តែច្រើនដង ឱកាសឈ្នះក៏កាន់តែច្រើន។

ក្នុងកិច្ចសហការនេះផងដែរ លោក ស សារិន នាយកប្រតិបត្តិនៃក្រុមហ៊ុន Channel Sight Distribution ដែលជាក្រុមហ៊ុនមេនៃគេហទំព័រBookmefly.com បានមានប្រសាសន៍ថា «ការសហការរជាមួយក្រុមហ៊ុនផាយផេ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អាជីវកម្មរបស់យើងដូចដែលបានកត់សំគាល់កន្លងមក តាមរយៈការកើនឡើងនៃប្រតិបត្តិការលក់។ ដើម្បីសម្រេចគោលដៅទៅមុខទៀតនេះ យើងរីករាយនឹងធ្វើការផ្តល់ជូននូវអ្វីដែលគួរជាទីរំភើប និងរីករាយដល់អ្នកប្រើប្រាស់ផាយផេទាំងអស់ ដោយធ្វើឡើងក្នុងអំឡុងរដូវកាលឈប់សម្រាកនាខែកញ្ញា និងខែតុលាខាងមុខនេះ»

លោកបានបន្ថែមថា «ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ Bookmefly.com ក្នុងការផ្តល់ជូននូវតម្លៃល្អបំផុតសម្រាប់អតិថិជនរបស់យើង។ ក្រៅពីនេះ យើងក៏សង្ឃឹមថាអតិថិជននឹងទទួលបានបទពិសោធន៍កក់ការហោះហើរ ដែលប្រកបដោយភាពងាយស្រួលនៅលើគេហទំព័ររបស់ Bookmefly.com និងធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយ ផាយផេ»

ជាការឆ្លើយតបទៅកាន់ដៃគូសហការ លោក Tomas Porkony នាយកប្រតិបត្តិនៃក្រុមហ៊ុនផាយផេ បានថ្លែងថា យើងសូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង Bookmefly.com ដែលបានផ្តល់ជូននូវកម្មវិធីពិសេសដ៏គួរឱ្យរំភើបនេះសម្រាប់អ្នកប្រើប្រាស់ ផាយផេ។ យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើង ចំពោះការមើលឃើញពីតម្លៃដែល ផាយផេ បានផ្តល់ជូន ដែលមិនត្រឹមតែជាអ្នកផ្តល់សេវាទូទាត់ប៉ុណ្ណោះទេ តែក៏បើកទូលាយចំពោះ កិច្ចសហការទីផ្សាររួមគ្នាក្នុងការផ្តល់រង្វាន់ដល់អតិថិជនរបស់យើងទាំងពីរផងដែរ។

Bookmefly.com គឺជាដៃគូពាណិជ្ជករមួយក្នុងចំណោមពាណិជ្ជករចំនួន ៤,០០០នាក់ទៀតរបស់ផាយផេ ដែលរួមមានហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ផ្សារទំនើប សណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្មធ្វើដំណើរ អ្នកផ្តល់សេវាធានារ៉ាប់រង ការបញ្ចូលទូរស័ព្ទចល័ត សេវាកម្មទឹកភ្លើង និងសេវាកម្មជាច្រើនទៀត។

ចាប់តាំងពីបើកដំណើរការពីរឆ្នាំកន្លងមក ផាយផេ បានផ្តល់សេវាកម្មទូទាត់បែបទំនើបដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់ជាង ២៧០,០០០នាក់ នៅទូទាំងប្រទេស និងជាង ១៧០លានដុល្លារ ត្រូវបានផ្ទេរតាមរយៈកម្មវិធីរហូតមកទល់បច្ចុប្បន្ននេះ។

ផាយផេបានធ្វើការបញ្ជាក់ថាខ្លួនជាមធ្យោបាយហរិញ្ញវត្ថុឌីជីថល ដែលបានបង្កើតឡើងនៅក្នុងស្រុកហើយ ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។
ទាញយកកម្មវិធី ផាយផេ ពី Google Play Store និង Apple Store ថ្ងៃនេះដើម្បីចូលរួមជាផ្នែកមួយនៃកម្មវិធីចាប់រង្វាន់ Bookmefly & Win។ សម្រាប់ព័ត៌មានបន្ថែមអំពីការចាប់រង្វាន់ សូមចូលទៅកាន់គេហទំព័រ fb.com/bookmefly ឬ fb.com/pipayapp៕