(ភ្នំពេញ)៖ ក្រុមចោរវាយប្លន់ នៅក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលប៉ុស្តិ៍កាកាបទី២ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការតាមបង្ក្រាប បានចំនួន៤នាក់ និងបក្ខម្នាក់ទៀត កំពុងរត់គេចខ្លួន។ បន្ទាប់ពីក្រុមចោរទាំងនោះ បានធ្វើសកម្មភាពយកដំបងជ្រុង វាយប្លន់ទៅលើជនរងគ្រោះម្នាក់យកម៉ូតូ បានសម្រេចកាលពី៣ថ្ងៃមុន។

លោក យឹម សារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh ews ឲ្យដឹងនៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០១៩នេះថា ករណីវាយប្លន់ខាងលើនេះ គឺក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១៖៥៥នាទី ចំណុចផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យរួមមាន៖
ទី១៖ ឈ្មោះ ជឹង សឹង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (គេចខ្លួន)។
ទី២៖ ឈ្មោះ សេង វង្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ទី៣៖ ឈ្មោះ យ៉ុងឆេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ទី៤៖ ឈ្មោះ ផ សុវណ្ណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ទី៥៖ ឈ្មោះ ធូ រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ

ក្រុមជនសង្ស័យទាំង៤នាក់នេះ បានប្រើប្រាស់សារធាតុញៀនថែមទៀតផង និងដករួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ស្កូបពីតូច (MINI) ពណ៌ផ្កាឈូក គ្មានស្លាកលេខ ក្រាមសថ្លាចំនួន២កញ្ចប់ថង់តូច ទូរស័ព្ទ១គឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ចំណែកឯជនរងគ្រោះ មានឈ្មោះ យ៉ង់ វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិចំការឪឡឹក២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូដែលចោរវាយប្លន់នោះ ម៉ាក HUN JEA SEALING ស៊េរី២០១៨ ផលិតនៅប្រទេសចិន ពណ៌ខ្មៅ ពាក់ស្លាកលេខ1K-6730។

លោក យឹម សារ៉ាន់ អធិការរូបនោះ បានឲ្យដឹងទៀតថា ដំណើររឿងមុនពេលកើត ជនរងគ្រោះនិងមិត្តស្រីរបស់គេ បានត្រឡប់មកពីដើរលេងវិញ លុះមកដល់បន្ទប់ជួល នៅអង្គុយជជេកគ្នាលេងនៅលើផ្លួវបេតុង ក្បែរសាលា ឯកជនប្រាយថាម ស្ថិតនៅចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យមិនស្គាល់មុខ មួយក្រុមមានចំនួន៣នាក់ ស្លៀកពាក់ស៊ីវិលកាន់ដំបងជ្រុង១ដើម និង២នាក់ទៀត នៅចាំបិទគូទ និងដើរសំដៅទៅរកជនរងគ្រោះ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ បានសម្រេចតែម្តង រួចជិះគេចខ្លួនបាត់តែម្តង។

លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់ លោកក៏ទទួលដំណឹងករណីនេះ ភ្លាមនោះ លោកបានបញ្ជាឲ្យកម្លាំងរបស់លោក បើកប្រតិបត្តិការស្រាវជ្រាវរហូត កំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនក្រុមចោរ បានចំនួន៤នាក់ ក្នុងចំណោចបក្ខពួក៥នាក់ ប្រើត្រឹមរយៈពេល៣ថ្ងៃ។

បច្ចុប្បន្ន ជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕