(កំពង់ធំ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ជារៀងរាល់ឆ្នាំ បានរៀបចំសន្និសីទប្រចាំឆ្នាំ ដែលជាផ្នែកមួយ នៃយន្តការលើកកំពស់គុណភាពអប់រំ បណ្តុះបណ្តាលដើម្បីពង្រីក និងពង្រឹងចំណេះដឹងទូទៅ ព្រមទាំងសមត្ថភាពរបស់និស្សិត ដើម្បីឲ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនិងកំពុងតែកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ឲ្យមានគុណភាពនិងស្តង់ដារ។

ជាក់ស្ដែង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) សាខាខេត្តកំពង់ធំ បានរៀបចំសន្និសីទស្ដីពី «ការសិក្សានៅឧត្តមសិក្សា និងអាជីពការងារ» នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ធំ មានសិស្សនិស្សិត និងសាស្រ្តាចារ្យ ប្រមាណ៣០០នាក់ បានចូលរួមអង្គពិធីទទួលបាន ការចូលរួមជាកិត្តិយស លោកបណ្ឌិត មាស បូរ៉ា សកលវិទ្យាធិការ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ ដែលមានបទពិសោធន៍ ព្រមទាំងទ្រឹស្តីក្នុងជំនាញជាក់ស្តែង មកពីអង្គការ និងស្ថាប័ននានា រួមនឹងថ្នាក់ដឹកនាំរបស់សាកលវិទ្យាល័យ។

គោលបំណងសន្និសីទនេះ គឺដើម្បីបង្ហាញនូវវិធីសាស្ត្រសិក្សាឲ្យបានជោគជ័យ ក្នុងការសិក្សាលើជំនាញ ការរៀបចំអត្តចរិក និងការពង្រឹងគុណភាព និងពង្រឹងសមត្ថភាព ដើម្បីទទួលបានូវការងារល្អ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។

លោក តាក កាក់នីកា នាយកសាខាខេត្តកំពង់ធំ បានអះអាងថា ក្នុងចំណោមសាកលវិទ្យាល័យឯកជននាំមុខដទៃទៀត (CUS) មាននិស្សិត២០,០០០នាក់ កំពុងសិក្សានៅក្នុងទីតាំងគោល និងសាខាសរុប៨ទីតាំង (ភ្នំពេញ កំពត កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងបន្ទាយមានជ័យ)។ និស្សិតដែលបានបញ្ចប់ការសិក្សា មានជាង៣០,០០០នាក់ ជាក់ស្តែង គុណភាពនៃការបណ្ដុះបណ្ដាល ត្រូវបានលើកកម្ពស់ជាប្រចាំ តាមរយៈការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ទាំងអស់ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងរយៈពេល១៨ឆ្នាំកន្លងមក។

ក្នុងនោះ សាខាសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តកំពង់ធំ បានចូលរួមខិតខំកែទម្រង់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ ដើម្បីនឹងសម្រេចឲ្យបាននូវគោលគំនិត (ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា) និងសំដៅធ្វើឲ្យនិស្សិតមានវិជ្ជាជីវៈខ្ពស់ និងបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃ។ ក្នុងឆ្នាំសិក្សាថ្មីនេះ សាខាខេត្តកំពង់ធំ ទទួលបានកំណើននិស្សិត គួរឲ្យកត់សម្គាល់សម្រាប់ឆ្នាំសិក្សា២០១៩នេះ និស្សិតមានការកើនឡើងស្មើនឹង៣៣.៣០ភាគរយ បើធៀបនឹងឆ្នាំចាស់កន្លងមក។

លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង បានអះអាង បុគ្គលគ្រប់រូបចង់បានជោគជ័យ មានការងារល្អ មានចំណូលខ្ពស់ ទាំងអ្នកសិក្សា ស្រាវជ្រាវ ព្រមទាំងសេដ្ឋី ត្រូវមានចំណេះដឹង តាមរយៈការសិក្សាជាដើម ហេតុនៃការជោគជ័យ និងធានានូវនិរន្តភាពនៃប្រាក់ចំណូល។ ការសិក្សាកាន់ខ្ពស់ កាន់តែមានចំណងដឹង មានសមត្ថភាពមានឧត្តមភាព ប្រគួតរប្រជែងក្នុងទីផ្សារការងារតាមរយៈការសិក្សា។ ការសិក្សាឲ្យបានជោគជ័យ ទាមទារ ឲ្យមាននូវការរៀបចំផែនការសកម្មភាព និងគោលដៅជាក់លាក់ ការសិក្សាក្នុងថ្នាក់ត្រូវផ្ដោតសំខាន់លើជំនាញច្បាស់លាស់ តាមរយៈការងារជាអាទិភាព គឺការសិក្សាស្រាវជ្រាវ ការអាន កត់ត្រាសង្ខេបជាប្រចាំ ព្រមទាំងចុះ កម្មសិក្សា។

លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ បានថ្លែងថា ការវិនិយោគក្នុងការសិក្សា បានចូលរួមចំណែកក្នុងការអភិវឌ្ឍខ្លួនគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនិងកំពុងកែទម្រង់ឈានទៅរកការអភិវឌ្ឍ ការសិក្សាពិតជាមានសារៈសំខាន់សម្រាប់មនុស្សយើង ទីណាក៏អាចសិក្សាបានដែរ។ ជាពិសេស ការអភិវឌ្ឍប្រទេសជាតិគឺត្រូវពឹង លើធនធានបញ្ញា ដែលចាំបាច់មិនអាចខ្វះបាន នៅក្នុងសាលាបង្រៀនចំណេះដឹង រីឯនៅកន្លែងការងារបង្រៀនចំណេះធ្វើនិងផ្ដល់បទពិសោធន៍។

លោកបណ្ឌិត សាកលវិទ្យាធិការ បានផ្ដោតសំខាន់ថា វាជាព្រឹត្តិការណ៍មួយដ៏ល្អ ដែលនិស្សិតទទួលបានចំណេះដឹង ជាមគ្គុទ្ទេសសំរាប់និស្សិត យកទៅពិចារណា និងសំរេចចិត្តក្នុងការសិក្សាអ្វីសំខាន់ គឺសកម្មភាពបំពេញ គោលបំណងក្នុងលក្ខណៈនិរន្តភាព ឆ្ពោះទៅការសម្រេចជោគជ័យដែលនិស្សិតបានកំណត់។ សាកលវិទ្យាល័យ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញនូវបេសកកម្មដ៏មានអត្ថន័យ ដើម្បីជួយប្អូនៗ សិស្ស និស្សិតឲ្យសម្រេចបានជោគជ័យដូចបំណង៕