(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញក្នុងពិធីរាប់បាត្រដាក់បិណ្ឌ ក្នុងថ្ងៃកាន់បិណ្ឌទី១ នៅវត្តសារាវ័ន្តតេជោ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្នុងឱកាសនេះ លោកមន្រ្តីក៏បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យដែលបានមកពីការចូលរួមពីថា្នក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងពីក្រុមគ្រួសារលោកផ្ទាល់ ប្រគេនដល់ព្រះគ្រូចៅអធិការវត្ត ដែលមានបច្ច័យសរុបចំនួន ១៩,៧២០,០០០រៀល។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕