(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងសៀមរាប ខេត្តសៀមរាប បានណែនាំដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្រុងសៀមរាប ឱ្យនាំគ្នាប្រព្រឹត្តអំពើល្អជូនប្រជាពលរដ្ឋ ហើយត្រូវតាមដានរាល់សកម្មភាពណាមួយរបស់អតីតក្រុមប្រឆាំង ដែលមានចេតនាបំបែកបាក់ជាតិខ្មែរ ហើយកុំជឿលើការឃោសនាបោកប្រាស់ណាមួយ ដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។

ការលើកឡើងបែបនេះរបស់ លោក ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ទិសដៅបន្ត របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងសៀមរាប ខេត្តសៀមរាប និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា មូលដ្ឋានក្រុងសៀមរាប និងចូលរួម ប្រកាសបង្ហាញមុខ សមាសសភាព ប្រធាន អនុប្រធាន និងសមាជិកថ្មីក្រុមការងារ ថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា របស់ខ្លួន សម្រាប់ចុះជួយសង្កាត់ទាំង១២។

ជាមួយគ្នានេះដែរ លោក ឥត សារ៉ាត់ បានក្រើនរំលឹកដល់ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងសៀមរាប សូមជឿជាក់លើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី និយាយប្រាប់គេឯងនៅក្រៅប្រទេសថានឹងមកចូលស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ ម្ដងហើយម្ដងទៀត លើកចុះលើកឡើង ថ្ងៃនេះថ្ងៃនោះ ដោយមូលហេតុនេះមូលហេតុនោះ គឺជាការបោកប្រាស់ ហើយក៏ជាការធ្វើប្រជាពិថុត ដើម្បីឱ្យក្រុមជ្រុលនិយមជឿផ្កាប់មុខ ដែលដើរតាមខ្លួន មានសង្ឃឹមមកលើការឃោសនា បោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ តែធាតុពិត សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផងទេ។

ជំនួសមុខឱ្យសម្តេចប្រធាន សម្តេចអនុប្រធាន និងសម្តេចប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចប្រធានក្រុមការងារថ្នាក់កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តសៀមរាប លោក ឥត សារ៉ាត់ បានសម្តែងនូវការកោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំរបស់សមាជិក សមាជិកាបក្សទាំងអស់ ក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំងកាយចិត្តក្នុងការកសាងសមិទ្ធិផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ ពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន របស់ខ្លួនបានយ៉ាងល្អ ។

លោក ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់ ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងសមាជិកក្រុមការងារចាស់ ដែលមានស្រាប់ទាំងអស់ ឱ្យបន្តស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាព ក្នុងមូលដ្ឋានភូមិ ឃុំ មានសុវត្ថិភាព ដោយបំបាត់ឱ្យអស់ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ និងភាពអនាធិបតេយ្យនានា ដែលកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ ជាមួយគ្នានេះដែរ មន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវប្រព្រឹត្តតែអំពើល្អ សុចរិត ចេះជួយគ្នាក្នុងគ្រាលំបាក ដោយឡែកសម្រាប់ក្រុមការងារថ្មី ដែលទើបប្រកាស ក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ហើយត្រូវចេះជួយប្រជាជន ដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជន គ្រប់កាលៈទេសៈ៕