(ភ្នំពេញ)៖ តាមរយៈសេចក្ដីថ្លែងការណ៍ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា កម្លាំងនគរបាលទូទាំងប្រទេស បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្នុងសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការចាប់ខ្លួន ទណ្ឌិតក្បត់ជាតិរូបនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាម ដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង»

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងព្រះបរមរាជវាំង ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៉ី។ បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចេញអធិបញ្ជាឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតចំពោះទង្វើទណ្ឌិត សម រង្ស៉ី។ សម្រាប់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរ ព្រមទាំងស្នើសុំឲ្យឃុំខ្លួនបុគ្គល សម រង្ស៉ី ជាបណ្តោះអាសន្ន បន្ទាប់ពីទទួលបានអធិបញ្ជាពីក្រសួងយុត្តិធម៌។ ដោយឡែកក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី និងស្នើដល់ស្ថាប័នមានសមត្ថកិច្ច និងតុលាការគ្រប់ជាន់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរបំផុតលើទណ្ឌិតនេះផងដែរ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូប នៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»