(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា «ទូកកានូ» កម្ពុជា បានថ្លែងជំរុញឱ្យកីឡាករ កីឡាការិនី «ទូកកានូ និងរ៉ូអ៊ីង» ខិតខំហ្វឹកហាត់ ដើម្បីទទួលបានជោគជ័យសម្រាប់ការប្រកួតនានា ជាពិសេសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចូលរួមពិធី ជូនដំណើរប្រតិភូកីឡាទូកកានូកម្ពុជា ចូលរួមហ្វឹកហាត់កីឡាទូកកានូ និងប្រកួតកីឡាទូកកានូ ជាលក្ខណៈមិត្តភាព និងទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន នៅឯស្ថានទូតជប៉ុន ប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបានរៀបចំដំណើរទស្សនកិច្ចសិក្សារបស់ក្រុមកីឡាករ កីឡាការិនី «ទូកកានូ និងរ៉ូអ៊ីង» នៅប្រទេសជប៉ុន ដែលជាកីឡាមួយប្រភេទថ្មី របស់ជប៉ុនខិតខំបង្ហាត់បង្រៀនដល់កម្ពុជា។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យកីឡាករ កីឡាការិនី «ទូកកានូ» ទាំងអស់ត្រូវសហការគ្នាឱ្យបានល្អ នៅក្នុងពេលហ្វឹកហាត់ និងការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ។ ជាពិសេសត្រូវស្តាប់តាមការណែនាំរបស់លោកគ្រូ បើទោះបីវាជាកីឡាមួយថ្មីមែន ប៉ុន្តែក្នុងនាមជាកីឡាត្រូវតែតស៊ូអត់ធ្មត់ លត់ដុំ ដើម្បីធ្វើយ៉ាងណា ឱ្យសម្រេចបាននូវអ្វី ដែលកំពុងនឹងប្រឈម និងតម្រូវការចំពោះមុខផងដែរ។

គួរជម្រាបថា តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជន JENESYS 2019 (កីឡាទូកកានូ) និងការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន កីឡាករកម្ពុជា ១៥រូប និងគ្រូបង្វឹក ១រូប មកពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនពីថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

កំឡុងពេលកម្មវិធី អ្នកចូលរួម នឹងជួបសំណេះសំណាលជាមួយលោក Masanori Narita ជាប្រធានសហព័ន្ធទូកកានូជប៉ុន និងធ្វើទស្សនកិច្ច ទីតាំងប្រកួតកីឡាកានូ និងរ៉ូអ៊ីង ដែលជាទីតាំងប្រកួត សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកតូក្យូ២០២០។ កីឡាករកម្ពុជា ក៏នឹងចូលរួមការហ្វឹកហាត់រួមគ្នាជាមួយសមាជិក និងកីឡាករជម្រើសជាតិជប៉ុន នៅទីលានប្រកួត គីបាហ្កាតា ក្នុងទីក្រុងកូម៉ាត្សឹ ខេត្តអ៊ីស៊ីកាវ៉ា។

កម្មវិធី JENESYS មានគោលបំណងជំរុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុន បានអញ្ជើញយុវជនកម្ពុជា ចំនួនជាង២០០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក៕