(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានអញ្ជើញប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ចអភិបាលរងខេត្តកោះកុងម្នាក់, អភិបាលស្រុក ២រូប និងអភិបាលរងស្រុកម្នាក់។

លោក ជា ច័ន្ទកញ្ញា ត្រូវបានតែងតាំងជាអភិបាលស្រុកស្រែអំបិលជំនួសលោក ទួន សីលា ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅសាលាខេត្ត, លោក ហាក់ ឡេង អតីតអភិបាល ស្រុកមណ្ឌលសីមា ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកបុទុមសាគរ ជំនួសលោក ទូ សាវុធ ដែលត្រូវបានផ្ទេរភារកិច្ចជាអភិបាលរងខេត្ត ដោយឡែកលោក ក្រូច បូរីសីហា ជាអភិបាលរងស្រុកបុទុមសាគរ។

មន្រ្តីទាំងអស់ ដែលត្រូវបានតែងតាំង និងផ្ទេរភារកិច្ច បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំអនុវត្តន៍ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ខេត្តប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិបម្រើប្រជាពលរដ្ឋ ដោយនឹងដឹកនាំមន្រី្តក្រោមឱវាទ ខិតខំចូលរួមសហការណ៍ជាមួយមន្ត្រីជំនាញគ្រប់ស្ថាប័ន អង្គការជាដៃគូរ ដើម្បីអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឱ្យមានភាពរីកចំរើន មានសក្តានុពលគ្រប់វិស័យ ជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយណាមួយឡើយ។

លោកស្រី មិថុនា ភូថង បានថ្លែងជំរុញឱ្យអ្នកដែលបានតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ទៅលើការងារ ដោយមានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត ដោយគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យបានល្អ មិនត្រូវធ្វើអ្វីតាមចិត្តរបស់ខ្លួនឯងនោះឡើយ ត្រូវពង្រឹង និងពង្រីកការទំនាក់ទំនង សាមគ្គីភាពជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារដឹកនាំគ្រប់គ្រងរដ្ឋបាលស្រុក ដោយរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលដៅលើកស្ទួយជីវភាពរស់នៅ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ទៅមុខថែមទៀត។

លោកស្រី មិថុនា ភូថង បានសង្កត់ធ្ងន់ថា កាតព្វកិច្ចអភិបាលស្រុក និងអភិបាលរងស្រុក ត្រូវពិនិត្យកែលម្អសោភ័ណភាព និងដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធ សំដៅធ្វើយ៉ាងណា ជាប្រយោជន៍ បម្រើប្រជាពលរដ្ឋតាមតម្រូវការ ហើយធ្វើយ៉ាងណាអភិវឌ្ឍន៍ស្រុករបស់ខ្លួនឲ្យមានហេដ្ឋារចនាសម្ព័ន្ធភាពមានសក្តានុពល បង្កើនធនធានមនុស្ស ដើម្បីទាក់ទាញវិស័យទេសចរណ៍ ឲ្យមានកំណើនខ្ពស់៕