(បាត់ដំបង)៖ ក្នុងគោលបំណងទ្រទ្រង់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានគ្រប់ កាលព្យាករណ៍របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ លោកស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ, ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃកម្ពុជា និងក្រុមការងារ បាននាំយកទេយ្យទាន ទៅប្រគេនសមណសិស្សជិត១០០០អង្គ កំពុងសិក្សាផ្នែកភាសាបាលី និងនៅសកលវិទ្យាល័យ ខេត្តបាត់ដំបង។

ចំពោះទេយ្យទានដែលនាំទៅប្រគេន ចំពោះសមណសិស្សរួមមាន៖ សៀវភៅ, ខ្មៅដៃ, ប៊ិច, ភេសជ្ជៈ ថ្នាំពេទ្យ, ទឹកសុទ្ធ និងបច្ច័យចំនួន២ម៉ឺនរៀល ក្នុងមួយព្រះអង្គដោយ សមណសិស្សគ្រប់ព្រះអង្គ កំពុងសិក្សានៅវិទ្យាល័យ អ៊ឹង ធួង (រៀនភាសាបាលី) ស្ថិតក្នុងវត្តពោធិ៍វាល និងសកលវិទ្យាល័យពុទ្ធិកសីហនុរាជ ស្ថិតក្នុងវត្តដំរីស។

លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានជំរុញដល់សមណសិស្ស គ្រប់ព្រះអង្គខិតខំសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងទៅ ទ្រទ្រង់ព្រះសាសនាឲ្យបានរឹងមាំ និងជាធនធានមនុស្ស ផ្នែកព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា កាន់តែច្រើន។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា ការនាំនូវទេយ្យទានចំពោះ សមណសិស្សនៅពេលនេះ ដើម្បីជួយសម្រួលដល់ការចំណាយ របស់ព្រះសង្ឃ ហើយសកម្មភាពនេះ បានបុណ្យកុសលខ្លាំងណាស់។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា លោកស្រី ខៀវ ស៊ីណា ជាចាន់តូ គឺជាពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លា បានជួយឧបត្ថម្ភបច្ច័យជាច្រើន ក្នុងការលើកស្ទួយវិស័យពុទ្ធចក្រនៅក្នុងខេត្តបាត់ដំបង។

សូមបញ្ជាក់ថា លោកស្រី ខៀវ ស៊ីណា និងក្រុមការងារព្រមទាំង ព្រះអង្គ យ៉ន សេងយៀត ក៏បាននាំបច្ច័យទៅប្រគេនព្រះសង្ឃ ចំនួន៣វត្តផ្សេងទៀត នៅក្នុងខេត្តបាត់ដំបងផងដែរ គឺមានវត្តស្លាកែត, វត្តក្ដុលដូនទាវ និងវត្តកុណ្ណៈកុដិ ជាការចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខផងដែរ៕