(កណ្តាល)៖ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បញ្ហាសាឡង់ដឹកខ្សាច់ដែលជាប់គឿង នៅសសរស្ពានព្រែកមាក់ មិនបានប៉ះពាល់ដល់គ្រឹះស្ពាននោះទេ គឺសសរស្ពាន នៅតែសុវត្ថិភាពដដែល។

ការហ៊ានអះអាងបញ្ជាក់យ៉ាងដូច្នេះរបស់លោក ស៊ុន ចាន់ថុល ដោយសារតែលោកបានពិភាក្សារួចរាល់ជាមួយក្រុមហ៊ុនសាងសង់ស្ពានរបស់ចិន ដែលជាទទួលខុសត្រូវ ក្នុងការសាងសង់ស្ពានព្រែកតាមាក់នេះ ដើម្បីឲ្យដឹងច្បាស់ថា ការប៉ះទង្គិចប្រាកដជាមិនខូចដល់គ្រឹះស្ពាន។

ជាមួយគ្នានេះ ចំពោះប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ដែលជាប់គឿងនេះដែរ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងទាញសាឡង់នេះចេញឲ្យបាន។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានបន្តប្រតិបត្តិការទាញសាឡង់ដឹកខ្សាច់ ដែលជាប់គឿងនៅសសរស្ពានព្រែកតាមាក់ បន្ទាប់ពីចំណាយពេលអស់ជាច្រើនថ្ងៃរួមមក។

ក្រោយហេតុការណ៍សាឡង់ដឹកខ្សាច់ទម្ងន់ជិត២,០០០តោន ជាប់គឿងនឹងសសរទី៣ ស្ពានព្រែកតាមាក់នេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

រយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានប្រើប្រាស់នូវវិធីសាស្ត្រនានាមួយចំនួន ប៉ុន្តែនៅតែមិនទាន់អាចទាញសាឡង់ដ៏ធ្ងន់មួយនេះ ចេញពីសសរស្ពាននៅឡើយទេ៕