(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានចុះសួរសុខទុក និងនាំអំណោយជាថវិកាចំនួន ២ម៉ឺនដុល្លារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនលោកស្រី ឡឹម វណ្ណារី អាយុ៥៨ឆ្នាំ ជាសិល្បករជើងចាស់ ដែលមានបញ្ហាជីវភាពរស់នៅ និងមានជំងឺប្រចាំកាយ រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនលោកស្រី ឡឹម វណ្ណារី ដែលធ្លាប់មានទេពកោសល្យ និងបានបន្សល់ទុកស្នាដៃសិល្បៈជាច្រើន សម្រាប់មនុស្សជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកប្រធានបានផ្តាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ រស់នៅឱ្យបានសមរម្យ និងអនុវត្តតាម ការណែនាំរបស់គ្រូពេទ្យ។

ទន្ទឹមនឹងនេះ លោកស្រី ឡឹម វណ្ណារី និងស្វាមីបានសំដែងក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ ដែលបានយកចិត្តទុកដាក់គិតគូរជួយ សម្រាលទុក្ខលំបាក និងលើកទឹកចិត្តអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕