(ពោធិ៍សាត់)៖ រយៈពេល ៣ថ្ងៃ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដឹកនាំដោយលោកវរសេនីយទោ ឡាយ វិទូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាថ្ងៃទី០៩-១០-១១ ខែកញ្ញា ឆ្នាំ២០១៩ បានបន្តប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្តបាកុងចំនួន ៣គ្រឿង និងត្រាក់ទ័រចំនួន ២គ្រឿងទៀត ដែលក្រុមឧក្រិដ្ឋជន យកទៅលាក់ទុក ដើម្បីបម្រើជាមធ្យោបាយដឹកឈើ និងឈូសឆាយដីព្រៃ។

ប្រតិបត្តិការរឹបអូសត្រាក់ទ័រ ២គ្រឿង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចចំការដំឡូងមី ភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ។ ដោយឡែករថយន្តបាកុង ១គ្រឿង ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង និងបន្តប្រតិបត្តិការដុតកម្ទេចចោលរថយន្តបាកុង១គ្រឿងទៀត នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចអូរដីខ្មៅ ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះវិញ កម្លាំងបានបន្តចុះប្រតិបត្តិការរឹបអូសរថយន្តបាកុង ១គ្រឿងទៀត នៅភូមិស្ទឺងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង យកមករក្សាទុក នៅមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ដើម្បីបម្រើការបង្ក្រាបបទល្មើស ធនធានធម្មជាតិនាពេលក្រោយ។

គួរបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថខេត្ត បានសហការបើកប្រតិបត្តិការស្រាវជ្រាវ និងរកឃើញរថយន្ដបាកុងជាមធ្យោបាយដឹកឈើជាច្រើនគ្រឿង ហើយត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ដែលរថយន្តទាំងនោះត្រូវក្រុមឧក្រិដ្ឋជន យកទៅលាក់ទុក នៅក្នុងព្រៃយ៉ាងជ្រៅ ហើយទីតាំងខាងលើនេះ ត្រូវបានមន្ដ្រីអាវុធហត្ថបង្ហើបថា ជាតំបន់ក្ដៅនៃការប្រព្រឹត្តបទល្មើសព្រៃឈើ៕