(កំពត-កែប)៖ ក្រោមព្រះបរមនាមរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូ គ្រី សម្តេចព្រះសាកលវិធ្យាការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានដឹកនាំសមណនិស្សិត និស្សិតជិត ១០០០អង្គនាក់ ចុះធ្វើទស្សនកិច្ចសិក្សាស្វែងរកអំពីការដំាដើមឈើចំនួន ១០០០ដើម នៅឯខេត្តកំពត និងខេត្តកែប ក្រោមប្រធានបទ «ដាំដើមឈើ ផ្តើមចេញពីយើងទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នា»។ រួមទាំងការឈ្វេងយល់អំពីរបៀបធ្វើសមាធិ ដែលមានការធ្វើបទពីសំណាក់ សាស្រ្តាចារ្យ នៅក្នុងសាលា ព្រមទំាងផ្លាស់ប្តូរទស្សនៈយល់ជុំវិញអំពីអត្ថប្រយោជន៍ នៃការដំាដើមឈើ។

លោកសាស្រ្តាចារ្យ ងួន ស្តេច ភក្តី សាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានប្រសាសន៍ថា ទស្សនកិច្ចសិក្សាស្វែងរកអំពីការដំាដើមឈើចំនួន ១០០០ដើមនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីរួមចំណែកការងារក្នុងសង្គមជាតិ ព្រមទាំងចូលរួមថែរក្សាបរិស្ថាន បង្ហាញពីភាពសាមគ្គីគ្នា ស្រលាញ់គ្នារវាងសមណៈនិស្សិត និស្សិត ជាមហាគ្រួសារខ្មែរ ដើម្បីផ្តល់ការដូរជីវិតក្តីសង្ឃឹម និងស្នាមញញឹមដល់កូនខ្មែរគ្រប់រូបនូវការផ្សព្វផ្សាយអាហារូបករណ៍ ១០០ភាគរយ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីបង្ហាញអំពីតួនាទីជាគំរូ ដល់យុវជនដ៏ទៃទៀត ក្នុងការចូលរួមស្ថាបនាសង្គមជាតិ និងបណ្តុះគំនិតសេចក្តីល្អឲ្យមានភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

លោកសាស្រ្តាចារ្យ ងួន ស្តេច ភក្តី បានបន្តថា នេះចាត់ទុកជាពេលលើកទី១ ហើយរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាថ្នាលបណ្តុះបណ្តាលសាធារណៈរបស់រដ្ឋ បាននិងកំពុងតែងតែងចូលរួមចំណែកក្នុងការដំាដើមឈើ ដែលជាទិសដៅដ៏សំខាន់ ក្នុងការពង្រឹងទំាងចំណេះជំនាញ និងបទពិសោធន៍ជាក់ស្តែងប្រគេនជូនដល់សមណនិស្សិត និស្សិតដើម្បីឲ្យពួកគេចូលរួមថែរក្សាបរិស្ថាន របស់ជាតិ ក្រោមទិសស្លោក ដំាដើមឈើចេញពីយើងដើម្បីដើមឈើ កុំមើលបំណំាត្រូវតែដំាបង្ហាញ។

លោក ភូ លិ អភិបាលរង នៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវការគាំទ្រ និងលើកទិកចិត្ត ចំពោះស្មារតីរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានបង្កើតកម្មវិធីដាំដើមឈើ នេះឡើង ដែលជាគំរូរមួយដ៏ល្អរបស់សង្គមជាតិ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាការពារបរិស្ថាន និងបង្កើតភាពបៃតងនៅជំវិញខ្លួន។

លោកបានបន្តថា «យុវជនយើងទាំងអស់ គឺជាទំពាំងស្នងប្ញស្សី សម្រាប់បន្តរវេន ពីជំនាន់មុនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ជាពិសេសនោះការស្រលាញ់ការពារធម្មជាតិ នឹងបរិស្ថានគឺជាកាត្វកិច្ចមួយរបស់យុវជនយើង ដែលមិនអាចខ្វះបាន តាមរយ:សកម្មភាពផ្សេងៗដូចជា រុក្ខទិវាក្នុងថ្ងៃនេះជាដើមបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាយុវជនកម្ពុជាមានសាមគ្គីភាព នឹងធ្វើបានគ្រប់យ៉ាងដើម្បីជាប្រយោជន៍ជាតិ»

គួររំលឹកផងដែរថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាននឹងកំពុងផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រប្រគេនជូនដល់និស្សិតគ្រប់រូបទំាងអស់ ដែលមានជីវិភាពខ្វះខាត ចាប់ពីពេលផ្សាយដំណឹងនេះ តទៅរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ សិក្សានៅគ្រឹះស្ថានសាកលវិទ្យាល័យព្រះសីហមុនីរាជា បានទំាងចំណេះដឹង ចរិយាធម៌ និងគុណធម៌៕