(កំពង់ធំ)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន ក្នុងស្រុកប្រាសាទសំបូរ និងនៅតាមភូមិមួយចំនួនកំពុងទទួលរងគ្រោះដោយសារទឹកជំនន់។ ស្របពេលនោះដែរ ប្រជាពលរដ្ឋតាមបណ្តាភូមិ និងមន្រ្តីអាជ្ញាធរកំពុងតែខិតខំស្វះស្វែងរកទីទួលសុវត្ថិភាព ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគាត់ដូចជាសត្វពាហនៈជាដើម។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅតាមដងស្ទឹងសែន ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះដែរ លោកបានក្រើនរំលឹកឲ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ បន្តតាមដាន និងត្រៀមលក្ខណៈជួយប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងឆ្នាំនេះឲ្យបានទាន់ពេលវេលា។ លោកថា «ចំពោះភូមិដែលអាចប្រឈមនឹងការលិចខ្លាំងជាងគេ អាជ្ញាធរត្រូវជួយរកទីទួលសុវត្ថិភាព ដើម្បីរំដោះសត្វពាហនៈរបស់ពួកគាត់ឲ្យមានសុវត្ថិភាព»

លោកបានណែនាំឲ្យបងប្អូនរស់នៅតាមដងស្ទឹងសែន បន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការស់នៅប្រចាំថ្ងៃ ជាពិសេសកុមារតូចៗ ដែលអាចប្រឈមនឹងការលង់ទឹកស្លាប់បាន និងត្រូវត្រៀមទុកជាមុន នូវស្បៀងអាហារថ្នាំសង្កូវជាដើម ព្រោះស្ថានភាពទឹកឆ្នាំនេះ សម្រាប់ស្រុកប្រាសាទសំបូរ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ ដោយឡែក ស្រុកសណ្ដាន់ គឺបានដល់កម្រិតប្រកាសអាសន្នហើយ។

លោក សុខ លូ បានប្រាប់ពលរដ្ឋថា នៅពេលមានបញ្ហាក្នុងរដូវទឹកជំនន់នេះ មិនថា ទីកន្លែងណាទេ អាជ្ញាធរនៅតាមមូលដ្ឋាននិមួយៗ បានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់បងប្អូនគ្រប់ពេលវេលា ហើយការត្រៀមសម្រាប់រដូវទឹកសម្រកវិញនោះ ប្រសិនបើមានការខូចខាតផលដំណាំស្រូវរបស់ពួកគាត់ យើងមានគ្រាប់ពូជសម្រាប់ចែកជូនដល់ពួកគាត់ទៀតផងដែរ។

ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកក៏បាននាំយកអំណោយ និងថវិកាចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ទាំងនោះផងដែរ៕