(កំពង់ចាម)៖ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិពីរនាក់ បានលង់ទឹកស្លាប់ មុនពេលចេញលទ្ធផលប្រឡងមួយថ្ងៃ ខណៈលទ្ធផលបានបង្ហាញថា ពួកគេប្រឡងជាប់។ 

សពបេក្ខជនទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចរកឃើញនៅវេលាម៉ោង០៤ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចបឹងផ្សោតចុង ភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។

តាមសមត្ថកិច្ចនគរបាលស្រុកកងមាស បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ ណាត ខារី អាយុ១៩ឆ្នាំ នៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស និងម្នាក់ទៀតឈ្មោះ អឿន គន្ធថៃ អាយុ១៩ឆ្នាំ នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន។

សមត្ថកិច្ច បានបញ្ជាក់ថា យុវជនរងគ្រោះ បានបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែកញ្ញាឆ្នាំ ២០១៩ ហើយក៏ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិជាប់ បន្ទាប់ពីលទ្ធផលប្រលងចេញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

ជាមួយគ្នានោះ សមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យសាកសពនៅកន្លែងកើតហេតុ ជាលទ្ធផលឃើញថា ទាំងផ្នែកក្បាល-ក ដងខ្លួន និងអវៈយវៈពុំមានស្លាកស្នាមឡើយ។ ក្រោយពីពិនិត្យរួច គណៈកម្មការបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ សាកសពត្រូវសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕