(ភ្នំពេញ)៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះថា អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ឆ្លងកាត់ស្ពានបាឡេ តភ្ជាប់ពីខណ្ឌឫស្សីកែវ ទៅខណ្ឌជ្រោយចង្វារ ជាបណ្តោះអាសន្ននៅព្រឹកនេះ ដើម្បីត្រួតពិនិត្យ បន្ទាប់ពីស្ពាននេះត្រូវបានសាឡង់ដឹកប្រេងរបស់ក្រុមហ៊ុន សាវីមិច បើកប៉ះទង្គិចកាលពីម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញាម្សិលមិញ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្លាមៗមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បាននិងកំពុងត្រួតពិនិត្យទីតាំងកើតហេតុ ដើម្បីបញ្ជាក់ថា តើការប៉ះទង្គិចនោះប៉ះពាល់ដល់ស្ពានដែរ ឬយ៉ាងណា? ជាលទ្ឋផលបឋម ក្រុមការងារការដ្ឋានត្រវការពេលវេលាមួយរយៈពេល ដើម្បីធ្វើការជួសជុលអោយបានដូចដើម រួចដាក់អោយដំណើរការជាប្រក្រតីឡើងវិញនៅពេលប៉ុន្មានថ្ងៃខាងមុខ។

សូមជម្រាបថា ស្ពានបាឡេថ្មី ឆ្លងកាត់ទន្លេសាប ពីចំណុចឃ្លាំងស្តុកប្រេងសូគីម៉ិច ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ឆ្ពោះមកកាន់តំបន់អភិវឌ្ឍន៍ ទីក្រុងរណបជ្រោយចង្វា ខណ្ឌជ្រោយចង្វា ត្រូវបានបើកសម្ពោធដាក់ឲ្យចរាចរណ៍ជាផ្លូវការ កាលពីរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានដំណើរការសាងសង់ អស់រយៈពេល៦ខែ កន្លងមកនេះ ។

ស្ពានបាឡេថ្មីនេះមានទទឹង ១២ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដោយចំណាយថវិកាសាងសង់ ចំនួន ៩លានដុល្លារ ប្រើពេលសាងសង់៦ខែ។ ពេលដំណើរការ រថយន្តទម្ងន់លើសពី១៥តោន និងមានកម្ពស់លើស ២,៨ម៉ែត្រ មិនអនុញ្ញាតឲ្យឆ្លងកាត់ឡើយ៕