(ភ្នំពេញ)៖ ក្រុមហ៊ុនហ្សុង រូ(ខេមបូឌា) បានផ្តល់អង្ករសប្បុរសធម៌ចំនួន ១០០តោន ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីយកទៅចែកបន្តដល់ប្រជាពលរដ្ឋក្រីក្រ និងជួបបញ្ហាគ្រោះធម្មជាតិ នៅតាមខេត្តនានា ទូទាំងប្រទេស។

អង្ករចំនួនមួយរយតោននេះ គឺបានផ្តល់ជូនដោយផ្ទាល់ដល់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង នៅទីស្តីការក្រសួង នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

លោកស្រេង វង្សហៀង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ហ្សុង រូ ខេមបូឌានេះ គឺបន្ទាប់ពីក្រុមហ៊ុនមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួន នៅតាមខេត្តខ្លះជួបប្រទះនឹងបញ្ហាទឹកជំនន់ និងប្រជាពលរដ្ឋខ្លះជួបការលំបាកដោយសារជួបឥទ្ធពលខ្យល់កន្ត្រាក់ជាដើមនោះ។

លោកស្រេង វង្សហៀង បានឲ្យដឹងផងដែរថា ក្រុមហ៊ុន ហ្សុង រូ ខេមបូឌា តែងតែផ្តល់ នូវជំនួយជាច្រើនដល់ប្រជាពលរដ្ឋក្រីក្រ និងសិស្សានុសិស្សជួបប្រទះនឹងការខ្វះខាត តាមរយៈក្រសួងមហាផ្ទៃនាពេលកន្លងមក ហើយក្រុមហ៊ុននឹងបន្តផ្តល់ថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើផ្នែកមនុស្សធម៌ ក៏ដូចជាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជានោះ៕