(ភ្នំពេញ)៖ កីឡាករ សៀង ចន្ធា ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្រុមជម្រើសជាតិកម្ពុជា បានទៅដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញហើយ ដើម្បីត្រៀមធ្វើដំណើរទៅប្រទេសជប៉ុន ចូលរួមកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍នៅក្លឹប Vegalta Sendai ដែលជាក្លឹបលេងក្នុងលីគកំពូលជប៉ុន ចាប់ពីថ្ងៃទី០៩-២៥ ខែកញ្ញា។

ដំណើរឆ្ពោះទៅក្រេបជញ្ជក់ចំណេះដឹងផ្នែកវិស័យបាល់ទាត់នៅប្រទេសជប៉ុននេះ ក្រោយពេល សៀង ចន្ធា បង្ហាញខ្លួនលើទីលានជាង ៥០នាទី ក្នុងការប្រកួតដ៏តានតឹង ដែលក្រុមជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបារ៉ែន ដោយលទ្ធផល ១-០ នាព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើទីលានពហុកីឡដ្ឋានជាតិ ។

គួរដឹងថា កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ខាងលើ ក្លឹប Vegalta Sendai បានអញ្ជើញគ្រូម្នាក់ និងកីឡាករ ៣នាក់ នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ៣នាក់ទៅចូលរួម ។ ប៉ុន្ដែមិត្តរួមក្រុម ២នាក់ មានកីឡាករ អ៊ាន ពិសី និងអ្នកចាំទី ថា ចាន់រិទ្ធី ដឹកនាំដោយគ្រូបង្វឹកលោក សាប៊ូន វិនតា បានចេញដំណើរទៅជប៉ុនមុន តាំងពីយប់ថ្ងៃទី០៨-កញ្ញាម្ល៉េះ៕