(កំពង់ចាម)៖ អាងហែលទឹកសិប្បនិមិត្ត ដែលបានដាច់ខ្សែសាត់ទៅទើនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម ត្រូវកម្លាំងអាជ្ញាធរខេត្តកំពង់ចាម ក្រោមការដឹងនាំបញ្ជាពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អូសយកចេញពីកន្លែងកេីតហេតុហេីយ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាល សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដោយប្រើសាឡង់ ចំនួន០៥គ្រឿង ដើម្បីធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្ត ចេញពីគល់ស្ពានកោះប៉ែន បានរយៈចម្ងាយ២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្ន។

លោកស្នងការបានអះអាងថា កាលដែលក ម្លាំជំនាញផ្អាកសកម្មភាពនៅថ្ងៃនេះ ដោយមូលហេតុ ទឹកហូរមានល្បឿនលឿន ទើបមិនអាចអូសទាញទាំងយប់បាន ដើម្បីរង់ចាំដល់ថ្ងៃស្អែក ទើបធ្វើការអូសទាញបន្ត។

សូមរំលឹកដែរថា អាងហែលទឹកសិប្បនិម្មិត១កន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នាយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើជាប់នៅចំណុចគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

អាងហែលទឹកសិប្បនិម្មិតនេះ មានទំហ៊ុទទឹង២២ម៉ែត្រ បណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែហើយរសាត់ទៅទើនៅគល់ស្ពានកោះប៉ែន ដោយពុំមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ឬក៏ប្រជាពលរដ្ឋនោះទេ៕