(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ នៅកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានបន្ដថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្រសួងស្ថាប័ន ពាក់ព័ន្ធ និងដៃគូអភិវឌ្ឍទាំងអស់ ប្ដេជ្ញារួមគ្នាក្នុងការលុបបំបាត់ការចម្លងជំងឺអេដស៍ឱ្យបាន១០០% ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ទាំងស្រុងនៅកម្ពុជា នាឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ចេរភាពនាឆ្នាំ២០៣០ខាងមុខនេះ។

ការថ្លែងបែបនេះរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់គ្រួសាររងគ្រោះដោយជំងឺអេដស៍ និងចាស់ជរាគ្មានទីពឹង១,៧៧៧គ្រួសារ ដែលរស់នៅក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទៀតថា «សូមបងប្អូនប្រជាពលរដ្ឋយើង ជៀសវាងឱ្យបានដាច់ខាត ក្នុងការនាំមេរោគអេដស៍ដល់ខ្លួន ឬបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ពិសេសស្វាមីកុំដើរលេងក្រៅ នាំជំងឺអេដស៍នេះ មកឱ្យប្រពន្ធកូនឱ្យសោះ គឺត្រូវដើរតួជាអ្នកជួយអប់រំដល់បងប្អូន មិត្តភក្តិរបស់ខ្លួនប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍នេះ។ សម្រាប់ស្ត្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព និងពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន»។

ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបញ្ជាក់ថា បងប្អូនយើងត្រូវដឹងថា អេដស៍ នឹងធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនធ្លាក់ចុះ លើសពីនេះ ពេលយើងជាឪពុកម្តាយ ស្លាប់ដោយជំងឺអេដស៍ទៅ កូននឹងកំព្រា រងារគ្មានទីពឹង ហើយបើពឹងជីដូន នឹងមានផលលំបាក ដោយជីដូនចាស់ មិនអាចរកថវិកាគ្រប់គ្រង ដល់ចៅបាននោះទេ។ ដូច្នេះ ត្រូវរួមគ្នា កាត់បន្ថយ និងលុបបំបាត់ជំងឺអេដស៍ ឱ្យបាន១០០%ក្នុងឆ្នាំ២០២៥ ខាងមុខនេះ»។

លើសពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋយើង កុំស្អប់ខ្ពើម រើសអើងអ្នកកើតជំងឺអេដស៍ ព្រោះគាត់ជាជនរងគ្រោះ និងសូមក្រើនរម្លឹក ដល់ជនរងគ្រោះដោយមេរោគអេដស៍ ត្រូវទៅពិនិត្យសុខភាព និងលេបថ្នាំពន្យាជីវិត ឱ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរងគ្រោះដោយជំងឺអេដស៍ លោកស្រី ងុយ យែម បានថ្លែងគាំទ្រ និងពេញចិត្ដយ៉ាងខ្លាំង ចំពោះការថ្លែងអប់រំរបស់សម្ដេច ដល់ប្រជាពលរដ្ឋ។ លោកស្រីបន្ដថា «ខ្ញុំស្ដាយខ្លួនខ្ញុំណាស់ មិនគួរណាឆ្លងមេរោគអេដស៍នេះ ពីប្ដីខ្ញុំទេ មកដល់ពេលនេះ គឺមានរយៈពេល១៥ឆ្នាំមកហើយ ដែលប្ដីខ្ញុំបានស្លាប់ដោយមេរោគអេដស៍នេះ»។

ទន្ទឹមនឹងនោះ លោកស្រីវេជ្ជបណ្ឌិត Vladanka ANDREEVA នាយកប្រតិបត្តិកម្មវិធីអង្គការយូអ៊ិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា បានថ្លែងផងដែរថា «កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាមាក់ងាយ និងរើសអើង និងការផ្ដល់ការគាំទ្រផ្នែកសង្គមដល់អ្នករងគ្រោះ/រងផលប៉ះពាល់ដោយសារមេរោគអេដស៍។ UNAIDS នឹងប្ដេជ្ញាចូលរួមចំណែក ក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងការលើកកម្ពស់ការធ្វើតេស្តឈាមរកមេរោគអេដស៍ និងការព្យាបាលចំពោះស្ត្រីមានផ្ទៃពោះដោយការផ្ទុកមេរោគអេដស៍ ដើម្បីធានាថា ទារកទាំងអស់ កើតមកមានសុខភាពល្អ។ យើងសង្ឃឹមយ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍ និងការចម្លងមេរោគអេដស៍ពីម្ដាយទៅទារកទាំងស្រុង នៅឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាគណៈភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងប្ដេជ្ញា និងប្រតិបត្ដិតាមគំរូវីរៈភាពរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការរួមចំណែកលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងបានរួមវិភាគទានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសហប្រតិបត្តិការ ក្នុងការកាត់បន្ថយអត្រាចម្លងមេរោគអេដស៍ពីម្តាយទៅកូន ជាពិសេស ប្ដេជ្ញារួមគ្នា ក្នុងការលុបបំបាត់ការចម្លងជំងឺអេដស៍ឱ្យបាន១០០% ដើម្បីឈានទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ទាំងស្រុងនៅកម្ពុជានាឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ចេរភាពនាឆ្នាំ២០៣០ខាងមុខនេះ។

សូមជម្រាបថា ក្នុងការទទួលស្គាល់នូវស្នាដៃជាគំរូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ (អេ ភី អិល,អេហ្វ APLF និងយូអិនអេដស៍ (UNIIS) តំណាងដោយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានប្រគល់ពានរង្វាន់ដំបូងបំផុត សម្រាប់ជូនថ្នាក់ដឹកនាំគំរូ នៃបណ្តាលប្រទេស ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩។ ពានរង្វាន់នេះជាសក្ខីកម្មនៃការទទួលស្គាល់ស្នាដៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានរួមចំណែកធ្វើឱ្យមាន៖

* ការកាត់បន្ថយភាពស្អប់ខ្ពើម និងភាពរើសអើងជាមួយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកដែលងាយរងគ្រោះ ក្នុងការឆ្លងមេរោគអេដស៍
* ការពង្រីកបន្ថែមនូវការថែរក្សា និងជួយឧបត្ថម្ភដល់កុមារកំព្រា និងកុមារដែលងាយរងគ្រោះ
*ការធ្វើឱ្យសេវាកម្មជាសកល បានក្លាយជាការពិតជាក់ស្តែង ដល់ពលរដ្ឋទាំងអស់ ជាពិសេសការបង្ការ ទប់ស្កាត់នូវការចម្លងមេរោគ ពីម្តាយទៅកូន និងការថែទាំអ្នកផ្ទុកមេរោគអេដស៍
* ការបំផុសឱ្យអ្នកដឹកនាំ នៅក្នុងវិស័យឯកជន និងយុវជនចូលរួមនៅក្នុងការបង្ការ ទប់ស្កាត់មេរោគអេដស៍នៅក្នុងសហគម៍របស់ខ្លួន
* ជាគំរូភាពជាអ្នកដឹកនាំ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍/ ជំងឺអេដស៍នៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ដោយមើលឃើញពីវីរៈភាពជាតំរូ និងសក្តានុពលនៃការចូលរួមគាំទ្រ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្នុងស្ថានភាពនៅកម្ពុជា ដែលស្ដ្រីផ្ទុកមេរោគអេដស៍ មានចំនួនច្រើនជាងបុរស ដែលអាចបង្កើតឱ្យមានហានិភ័យរនៃការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន ទើបនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១ អង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការយូនីសេហ្វ (UNICEF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូអិនអេដស៍ (UNAIDS) នៅហ្សឺណែវបានប្រគល់គោរមងារថ្មីមួយទៀត ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាឥស្សរឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ៕