(ភ្នំពេញ)៖ លោក ត្រាំ អ៉ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ីប៉ាស៊ីហ្វិកលើកទី១៦ (16th APT Telecommunication/ICT Development Forum – ADF-16) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី Areewan Haorangsi អគ្គលេខាធិការនៃសហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក(APT)តំណាងប្រតិបត្តិករវិស័យឯកជន ព្រមទាំងប្រតិភូ វាគ្មិន អ្នកជំនាញមកពីប្រទេសជាសមាជិកប្រមាណ ២០០នាក់។

លោកស្រី Areewan Haorangsi អគ្គលេខាធិការ APT បានថ្លែងថា វេទិកា ADF-16 និងបន្តផ្តោតការយកចិត្តទុកដាក់របស់ខ្លួន នៅក្នុងផែនការយុទ្ធសាស្ត្ររបស់ APT សម្រាប់ឆ្នាំ២០១៨-២០២០ ជាពិសេសលើសសរស្តម្ភការតភ្ជាប់ និងនវានុវត្តន៍។

ថ្លែងក្នុងពិធីបើកវេទិកាក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក បានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះ APT ក្នុងខួបលើកទី៤០របស់ខ្លួន លើសមិទ្ធផលសំខាន់ៗ ដែលបានធ្វើកន្លងមក រួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងលើកកម្ពស់គុណភាពជីវិតប្រជាជន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងនូវគំនិតផ្តួចផ្តើម និងផែនការសកម្មភាពនានា របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្របទៅនឹងផែនការយុទ្ធសាស្ត្រឆ្នាំ២០១៩ ដល់ឆ្នាំ២០២០របស់ APT និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីទទួលបន្ទុកវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ រួមមាន៖

១៖ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដូចជាបណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នងទូទាំងប្រទេសមានចំនួនសរុប៤២,៦៨៣គីឡូម៉ែត្រ ចំនួនអ្នកប្រើប្រាស់សេវា ទូរស័ព្ទចល័ត១២០.៨២% បើធៀបជាមួយប្រជាជនសរុប និងចំនួនអ្នកប្រើប្រាស់សេវាអ៉ីនធើណេតចល័ត ៨៣.៧៥% បើធៀបជាមួយប្រជាជនសរុប។
២៖ ការរៀបចំគោលនយោបាយរដ្ឋាភិបាលអេឡិកត្រូនិកឆ្នាំ២០២៣ ដែលកំណត់ទិសដៅនានាដូចជាការផ្តល់ព័ត៌មាន ពីសេវាសាធារណៈឱ្យបាន១០០% នៅដំណាច់ឆ្នាំ២០២១ ការស្នើសុំសេវាសាធារណៈតាមប្រព័ន្ធ Online ឱ្យបាន៥០% នៅដំណាច់២០២៣ និងការបណ្តុះបណ្តាលជំនាញឌីជីថល ដល់មន្ត្រីរាជការចំនួន ១ម៉ឺននាក់ នៅឆ្នាំ២០២៣
៣៖ ការពង្រឹងសមត្ថភាពសន្តិសុខលើអ៉ីនធើណេត
៤៖ ការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ និងប្រព័ន្ធ អេកូនវានុវត្តន៍

៥៖ ការធ្វើឌីជីថលរូបនីយកម្មក្នុងសហគ្រាសធុនតូច និងមធ្យមតាមរយៈការផ្សារភ្ជាប់រវាង សហគ្រាសធុនតូច និងមធ្យម និង ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី លើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ជាពិសេសសារៈសំខាន់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទូរគមនាគមន៍ និងអ្នកពាក់ព័ន្ធក្នុងផ្នែកឧស្សាហកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីសម្រេចបានការកាត់បន្ថយគម្លាតឌីជីថល ការបង្កើតគំរូអាជីវកម្មថ្មីៗ ការបង្កើនលទ្ធភាពប្រកួតប្រជែង និងការបង្កើតការងារកាន់តែច្រើន ដែលផ្តល់ផលប៉ះពាល់ជាវិជ្ជមាន ដល់សេដ្ឋកិច្ចនិងសង្គម និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា វេទិកានេះនឹងផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ បញ្ហាប្រឈមក្នុងការតភ្ជាប់អ៉ីនធើណេតល្បឿនលឿន នៅតំបន់ប្រជុំជននិងជនបទ, ការជំរុញការតភ្ជាប់អ៉ីនធើណេត មានល្បឿនលឿន តំលៃសមរម្យ និងមាននិរន្តរភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តសម្រាប់គាំទ្រដល់ការធ្វើនវានុវត្តន៍ បច្ចេកវិទ្យានិងសេវាកម្មបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងការបង្កើតប្រព័ន្ធអេកូសម្រាប់នវានុវត្តន៍, ការដាក់ឱ្យប្រើប្រាស់អ៉ីនធើណេត នៃវត្ថុក្នុងតំបន់និងពិភពលោក ហើយក្នុងការប្រើប្រាស់អ៉ីនធើណេតល្បឿនលឿន និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ផងដែរ។

គូសបញ្ជាក់ផងដែរថា សហគមន៍ទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APT) ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើមរួមគ្នា របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ ហើយ APT ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយធ្វើប្រតិបត្តិការរួមគ្នាជាមួយក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យទូរគមនាគមន៍ ICT និងនវានុវត្តន៍ ជាពិសេស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រកបដោយគុណភាពនិងនិរន្តរភាពនៃ ICT នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕