(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ព្រមានចាត់វិធានការតាមច្បាប់ ជាធរមានដោយគ្មានការយោគយល់ និងមិនលើកលែង ចំពោះជនទុច្ចរិតដែលមានគំនិតរកស៊ី និងបង្កភាពអន្តរាយដល់សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ នឹងនៅតែបន្តសកម្មភាពបេសកកម្មបង្ក្រាប និងចាប់ជនល្មើសយកទៅផ្តន្ទាទោសតាមច្បាប់។

ការព្រមានចាត់វិធានការរបស់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធី «Thank You Rf3 World 2nd» របស់ក្រុមហ៊ុន RF3 Word Cambodia នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានឲ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្តិភាពសង្គម មានភារកិច្ចឆន្ទៈទិសដៅពិតប្រាកដ និងតាំងចិត្តដ៏មុតមាំក្នុងការរក្សា និងបង្កើតនិតិរដ្ឋការពារសុវត្តិភាព រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីលើកកម្ពស់សុខមាលភាព អាយុជីវិតប្រជាជនក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍បន្ដថា គណៈកម្មាធិការ បានកសាងមូលដ្ឋានផ្លូវច្បាប់គតិយុត្តក៏ដូចជា បាននិងកំពុងចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរមានសមត្ថកិច្ច តុលាការ និងស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីទប់ស្កាត់បញ្ឈប់ការរំលោភបំពាន និងបង្ក្រាបបទល្មើសទាំងឡាយ ដែលផលិតស្តុកទុក ចររាចរណ៍ គ្រប់ផលិតផលដែលបង្កវិនាសកម្ម ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបន្ថែមថា គណៈកម្មាធិការសូមគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុន RF3 Word Cambodia រាល់អំពើស្របច្បាប់នៃប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកលើវិស័យធុរកិច្ចចំពោះផលិតផលគ្រឿងសម្អាង ក្នុងការធ្វើឲ្យប្រសើរឡើង នូវសុខភាពបញ្ញាស្មារតី សុខមាលភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចនៅកម្ពុជាជារួម។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 Word Cambodia មកដល់ពេលនេះក្រុមហ៊ុន បានដំណើរការសកម្មភាពរបស់ខ្លួន អស់រយៈពេល៣ឆ្នាំមកហើយ ជាមួយនឹងផលិតផលគ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដែលក្រុមហ៊ុន RF3 Word Cambodia ដំណើរការដោយស្របច្បាប់ និងត្រឹមត្រូវផ្អែកតាមបទដ្ឋានទាំងជាតិ និងអន្តរជាតិមិនប៉ះពាល់ ដល់សុខភាពប្រជាពលកម្ពុជា៕