(ប៉េកាំង)៖ លោក អ៊ុក វរ៉ា អគ្គនាយកក្រុមហ៊ុន ឌីជីថលស្កាយ Digital Sky និងជាអគ្គនាយករង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី១០ ខែកញ្ញានេះ ត្រូវបានជ្រើសតាំងជា «សមាជិកក្រុមប្រឹក្សា» នៃសហគមន៍សារព័ត៌មានខ្សែក្រវាត់ និងផ្លូវ នៅក្នុងវេទិកាប្រជុំកំពូល នៃសហគមន៍នេះ ក្នុងឆ្នាំ២០១៩ នាទីក្រុងប៉េកាំង។

«សហគមន៍សារព័ត៌មានខ្សែក្រវាត់ និងផ្លូវ» ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ក្រុមហ៊ុនសាជីវកម្មទូរទស្សន៍អន្តរជាតិចិន China International Television Corporation (CITVC) ក្នុងឆ្នាំ២០១៦ នៅទីក្រុងប៉េកាំង គិតមកដល់ ខែកញ្ញាឆ្នាំ២០១៩ មានសមាជិក និងដៃគួចំនួន១៣០ស្ថាប័ន មកពី៥៨ប្រទេស។

សហគមន៍អនុវត្តបេសកកម្មរបស់ខ្លួន ដើម្បីជំរុញអភិវឌ្ឍ ពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់នូវស្មារតី នៃផ្លូវសូត្ររួមមាន «ការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការ, ការបើកចំហ និងការបញ្ចូលគ្នា, ការរៀន និងការឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក, ការរក្សាផលប្រយោជន៍គ្នាទៅវិញទៅមក និងការអភិវឌ្ឍឈ្នះ-ឈ្នះ»។

សហគមន៍នេះមានគណៈកម្មាធិការចំនួន២ គឺគណៈកម្មាធិការពិគ្រោះយោបល់
និងគណៈកម្មាធិការជំនាញ។ គណៈកម្មាធិការជំនាញ មានភារកិច្ចជំរុញអភិវឌ្ឍ ពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ១៖ កិច្ចសហប្រតិបត្តិការសាព័ត៌មាន, ២៖ ការរួមបញ្ចូលគ្នាប្រព័ន្ធប្រាស្រ័យទាក់ទង, ៣៖ កិច្ចសហប្រតិបត្តិការកម្មវិធីផ្សាយ និង៤៖ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម។

ក្នុងវេទិកាប្រជុំពេញអង្គ សហគមន៍បានសំរេចផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងលោក អ៊ុក វរ៉ា ជា «សមាជិកក្រុមប្រឹក្សា» នៃគណៈកម្មាធិការជំនាញ មានភារកិច្ចជំរុញអភិវឌ្ឍ ពង្រឹងនិងពង្រីកវិសាលភាព សហប្រតិបត្តិការលើកិច្ចការទាំង៤ខាងលើ។

ថ្លែងក្នុងវេទិកាប្រជុំពេញអង្គនេះ លោក អ៊ុក វរ៉ា បានថ្លែងអំណរគុណ ចំពោះលោក សេន ហៃស៊ីង (Shen Haixiong) ប្រធានក្រុមប្រឹក្សាភិបាល នៃសហគមន៍សារព័ត៌មានខ្សែក្រវាត់ និងផ្លូវ និងជាអគ្គនាយកក្រុមហ៊ុន បណ្តាញសារព័ត៌មានចិន (China Media Group) និងអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងគណ:គ្រប់គ្រងសហគមន៍ ដែលបានសំរេចផ្តល់សេចក្តីទុកចិត្ត ជ្រើសតាំងលោក អ៊ុក វរ៉ា ជា «សមាជិកក្រុមប្រឹក្សា»។

លោក អ៊ុក វរ៉ា បានបន្តប្តេជ្ញាបំពេញតួនាទី និងគោរពលក្ខន្ដិកនៃសហគមន៍ ហើយបានស្នើដល់សហគមន៍ ជំរុញកម្មវិធីបណ្តុះបណ្តាលអប់រំកម្លាំងយុវជន ដើម្បីឆ្លើយតបនឹងវឌ្ឍនភាព នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបន្តគាំទ្រតួនាទីភាព ជាអ្នកដឹកនាំរបស់ប្រទេសចិន ដែលបច្ចុប្បន្នប្រទេសចិន កំពុងតែមានភាពជឿនលឿន ក្នុងបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិតវៃឆ្លាត AI នេះស្រាប់ ។

សូមជម្រាបផងដែរថា ក្រុមហ៊ុនឌីជីថលស្កាយ Digital Sky ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group ដែលមានបណ្តាញផ្សព្វផ្សាយធំជាងគេនៅកម្ពុជា រួមមានមាន ទូរទស្សន៍ឌីជីថលវ័នធីវី OneTV ទូរទស្សន៍ផ្កាយរណបស្កាយវ័ន SkyOne ទូរទស្សន៍ចល័តឡាហ្គូណា Lagoona ទូរទស្សន៍វ័នធីវីសប្បាយ OneTV Sabay និងប៉ុស្តិ៍ ទូរទស្សន៏ចំនួន៨ទៀត៕