(ភ្នំពេញ)៖ មន្ត្រីជំនាញកិច្ចការភូមិបាល និងសូរិយោដីលោក ប៉ោយ ប៉ូលី ត្រូវបានថ្នាក់នាំសាលារាជធានីភ្នំពេញ, លោក អភិបាល ឃួង ស្រេង សម្រេចតែងតាំងជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌសែនសុខ ជំនួសលោក ពៅ ណារិទ្ធ ដែលត្រូវបានផ្ទេរទៅបម្រើការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញវិញ។

ក្នុងនោះ សេចក្តីប្រកាសក៏បានសម្រេចផ្ទេរលោក ថន វណ្ណារ៉ា អនុប្រធានការិ.(ដនដ ) ភូមិបាលខណ្ឌទួលគោក មកជាអនុប្រធាន (ដនស) ភូមិបាលខណ្ឌសែនសុខវិញផងដែរ។

ពិធីប្រកាសផ្ទេរ និងតែងតាំងនេះ បានរៀបចំឡើងនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខណ្ឌសែនសុខក្រោមអធិបតីភាពលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលរាជធានីភ្នំពេញ, លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខតំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រី ដែលជាសមាជិកសមាជិកា ក្រុមប្រឹក្សាខណ្ឌ រួមទាំងមន្រ្តីរាជការចំណុះ ការិយាល័យពាក់ព័ន្ធ ក្នុងខណ្ឌ សង្កាត់ ភូមិជាច្រើនរូបផងដែរ៕