(កណ្ដាល)៖ រូបសំណាក «ព្រះសិអារ្យមេត្រី» ត្រូវបានបុគ្គលម្នាក់ ដែលគេអះអាងថា ជាមន្ដ្រីទាហានផងនោះ បាននិងកំពុងសាងសង់នៅលើភ្នំស្អាង ស្ថិតនៅឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដែលត្រូវបានព្រះសង្ឃ និងពុទ្ធបរិសាទនៅទីនោះ មានសង្ឃដីកា និងអះអាងថា គ្មានលិខិតអនុញ្ញាតពីអាជ្ញាធរ និងមន្ដ្រីជំនាញនោះឡើយ។

បុគ្គលរូបនេះ ត្រូវបានគេប្រាប់ថា ឈ្មោះ រចនា និងដែលអះអាងថា ជាមន្ដ្រីយោធាផងនោះ បានប្រើកម្មករទៅសងរូបសំណាកទៅលើថ្មធម្មជាតិ ដែលដុះស្រាប់នៅលើភ្នំស្អាងជាយូរថ្ងៃមកហើយ ប៉ុន្ដែពុំមានអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចណាមួយចុះទៅសួរនាំដើម្បីធ្វើការទប់ស្កាត់នោះទេ។

ព័ត៌មានខាងលើនេះ ត្រូវបានទម្លាយចេញពីក្រុមការងារចុះពង្រឹងឃុំស្អាងភ្នំ ពេលដែលចុះទៅជួបជាមួយព្រះសង្ឃ និងពុទ្ធបរិសាទ ដើម្បីរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ នៅលើភ្នំស្អាង នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

ប្រភពព័ត៌មានពីក្រុមការងារចុះពង្រឹងឃុំស្អាងភ្នំ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នឹងសុំឲ្យជួយចុះផ្សាយពីបុគ្គលឈ្មោះ រចនា បាននិងកំពុងសង់រូបសំណាក «ព្រះសិអារ្យមេត្រី» នៅពីលើថ្មធម្មជាតិដ៏ធំមួយ ដែលបានដុះស្រាប់នៅលើភ្នំស្អាង ដោយគ្មានការអនុញ្ញាត ឬមានលិខិតណាមួយពីអាជ្ញាធរ ក៏ដូចជាមន្ដ្រីជំនាញនោះឡើយ។

ខណៈពង្រឹងឃុំស្អាងភ្នំ ក៏សូមជូនដំណឹងនេះ ដល់អាជ្ញាធរ និងថ្នាក់ដឹកនាំពាក់ព័ន្ធចុះមកពិនិត្យជាក់ស្ដែងដើម្បីមានវិធានការបន្ដទៀត កុំឲ្យបុគ្គលរូបនេះសង់រូបសំណាក ដែលពុំមានការអនុញ្ញាតបែបនេះ៕