(ត្បូងឃ្មុំ)៖ អ្នកវិនិយោគវ័យក្មេង ផ្នែកអចលនទ្រព្យម្នាក់ បានសម្តែងនូវសុទិដ្ឋិនិយមថា នៅពេលខាងមុខដ៏ឆាប់ភូមិសាស្រ្ត នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង នឹងមានការអភិវឌ្ឍលឿន ដូចក្រុងបាវិត ហើយបច្ចុប្បន្ននេះ មានក្រុមហ៊ុនចិនជាច្រើន កំពុងតែអភិវឌ្ឍតំបន់នេះផងដែរ។

ការសម្តែងនូវសុទិដ្ឋិនិយមនេះ បានធ្វើឡើងក្នុងពិធីសម្ពោធគម្រោងថ្មី របស់ក្រុមហ៊ុន Five B grand park land ស្ថិតនៅជាប់ព្រំដែនអន្តរជាតិត្រពាំងផ្លុង នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

លោក ភិន សុផល អគ្គនាយកក្រុមហ៊ុន Five B grand park land បានលើកឡើងថា បច្ចុប្បន្ននេះ ដោយសារតែវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើន ទើបជំរុញឲ្យក្រុមហ៊ុនលោកហ៊ាន បោះទុនវិនិយោគ នៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំផ្លុង ហើយនេះជាគម្រោងទី១ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានផ្ទៃដីប្រមាណ៥ហិកតា ដោយរៀបចំដីមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ សម្រាប់លក់ជូនប្រជាពលរដ្ឋ សង់លំនៅឋាន។

លោកបានបន្ដទៀតថា «ការអភិវឌ្ឍនៅតំបន់ត្រពាំងផ្លុងនេះ ដោយសារតែជាតំបន់ ដែលមានសក្តានុពល ហើយគម្រោងបន្ទាប់ទៀត ក្រុមហ៊ុននឹងសង់ផ្ទះ សម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានតម្រូវការលំនៅឋាន ហើយអ្វីដែលពិសេសនោះ ទឹកដីខេត្តនេះ មានអ្នកវិនិយោគិនជាជនជាតិចិនយ៉ាងច្រើន កំពុងតែរកស៊ីនៅតំបន់នេះផងដែរ»

អ្នកវិនិយោគខាងលើ បានចាត់ទុកថា «កត្តាសន្តិភាព គឺជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ដែលបានផ្តល់ឱកាស កាន់តែច្រើនដល់អ្នកវិនិយោគក្នុងស្រុក ហើយដូច្នេះ ក្នុងនាមជាអ្នកវិនិយោគ លោកជំរុញឲ្យអ្នករកស៊ីនៅកម្ពុជា សម្លឹងមើលពីឱកាសទាំងអស់នេះ ដើម្បីរួមចំណែកនៅប្រទេសកម្ពុជា»

បច្ចុប្បន្ននេះ ភូមិត្រពាំងផ្លុងទី១ ស្ថិតនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានក្រុមហ៊ុនចំនួន៤ ហើយកំពុងតែអភិវឌ្ឍដីឡូតិ៍ និងអភិវឌ្ឍលំនៅឋាននៅតំបន់នេះ ហើយដើមឡើយតំបន់នេះ មិនសូវមានការ អភិវឌ្ឍនោះទេ ទើបរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ផ្តើមមានក្រុមហ៊ុនផ្នែកអចលនទ្រព្យ មានការចាប់អារម្មណ៍ខ្លាំងដូចជា ក្រុមហ៊ុន Five B grand park land ជាដើម ដែលជាក្រុមហ៊ុនមួយ បង្កើតឡើងដោយ កូនខ្មែរពិតៗ៕