(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកស្រី លាង ហៃ អនុប្រធានគណៈកម្មាធិការប្រចាំការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បាននាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ មកពីស្រុកទឹកឈូ និងក្រុងកំពត នៃខេត្តកំពត ប្រមាណ២៦១គ្រួសារ។

ពិធីនេះមានការចូលរួមពីសំណាក់ អស់លោក-លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត សមាជិកគណៈកម្មាធិការ សមាជិកសកម្ម ក្រុមប្រតិបត្តិ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត អាជ្ញាធរភូមិ ឃុំ សង្កាត់ និងប្រជាពលរដ្ឋងាយរងគ្រោះ សរុប៣៩៣នាក់។

ពិធីចែកអំណោយខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅវត្តត្រើយកោះ ស្ថិតក្នុងភូមិវត្តអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។

លោក ជាវ តាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកថា សម្ដេចទាំងទ្វេតែងតែក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះជនងាយរងគ្រោះ ជនរងគ្រោះ ជនទីទ័លក្រ ដែលជួបបញ្ហាខ្វះខាតក្នុងជីវភាព -ល- ដោយមិនឲ្យជនទាំងអស់នោះ ស្លាប់ដោយជួបបញ្ហាដោយអត់ឃ្លាន ឬអត់បាយឡើយ។

លោកអភិបាលខេត្ត បានបន្តថា ដោយឡែកចំពោះពិធីចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋនាថ្ងៃនេះ ស្តែងឲ្យឃើញអំពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្ត ដែលបានខិតខំកៀរគថវិកា ព្រមទាំងមានការចូលរួមឧបត្ថម្ភពីសប្បុរសជន ដើម្បីជួយដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានស្នើសុំការយោគយល់ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ដោយជំនួយកាកបាទក្រហម មានចំនួនតិចតួចមិនបានសមស្រប ទៅនឹងទំហំនៃការខ្វះខាត របស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោយនេះអាចជួយសម្រាលទុក្ខ លំបាករបស់បងប្អូនប្រជាពលរដ្ឋ បានមួយរយៈផងដែរ។

អំណោយដែលបានផ្តល់ជូន ជនងាយរងគ្រោះនាថ្ងៃនេះ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ឃីត (មុង ភួយ ក្រមា សារុង) ចំនួន ០១, មី ១កេស, ស្ករស ១គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ថវិកាសរុប២,៦១០,០០០រៀល ដោយមួយគ្រួសារទទួលបានថវិកា១ម៉ឺនរៀល។

ក្នុងនោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកា សរុប១,០៤០០,០០រៀល ដល់យុវជនកាកបាទក្រហម ចំនួន១០នាក់, អ្នកស្ម័គ្រចិត្ត ចំនួន២៨នាក់, នគរបាល ចំនួន២០នាក់, កងរាជអាវុធហត្ថចំនួន៨នាក់, ប្រជាការពារចំនួន២៨នាក់, និងមេភូមិចំនួន១០នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀលផងដែរ៕