(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ប្រកាសជូនដំណឹងលើកចុងក្រោយ ជូនប្រជាអាជីវករឲ្យចូលរួមសហការរៀបចំខឿន ក្រាលការ៉ូឡា ចាក់បេតុងផ្លូវចេញ-ចូលទីតាំងអាជីវកម្ម និងលំនៅដ្ឋាន រៀងៗខ្លួន ជាពិសេសរុះរើរាល់ឧបករណ៍ សម្ភារ និងការដាក់តាំងលក់ទំនិញផ្សេងៗ ចេញពីលើចិញ្ចើមអមសងខាងផ្លូវ បន្ទាប់ពីរដ្ឋបាលខណ្ឌជូនដំណឹងច្រើនលើក ច្រើនសារមកហើយ នាពេលកន្លងមក ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាស្ដីពី ការតម្រូវឲ្យរៀបចំខឿន ក្រាលការ៉ូឡា ចាក់បេតុងផ្លូវចូលទីតាំងលំនៅដ្ឋានអាជីវកម្ម និងការចុះរៀបចំសណ្ដាប់ធ្នាប់របស់ក្រុមការងាររដ្ឋបាលខណ្ឌតាមបណ្ដោយសងខាងផ្លូវលេខ៥៩៨ ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សេចក្ដីជូនដំណឹងលើកចុងក្រោយរបស់លោក ជា ពិសី បានធ្វើឡើងជូនចំពោះអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន ម្ចាស់អាជីវកម្មដឹកជញ្ជូន ម្ចាស់សហគ្រាសរដ្ឋ និងឯកជន ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ម្ចាស់អាជីវកម្មលក់ផ្កា ព្រមទាំងបង-ប្អូនប្រជាពលរដ្ឋដែលមានទីតាំងអាជីវកម្មផ្សេងៗ និងលំនៅដ្ឋានអមសងខាងផ្លូវលេខ៥៩៨ ទាំងអស់ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់រង្វង់មូលកាំកូស៉ីធី ស្ថិតក្នុងសង្កាត់ស្វាយប៉ាក, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ទួលសង្កែទី១, និងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា បានធ្វើឡើងក្រោយពីរដ្ឋបាលខណ្ឌ កន្លងមកបានជូនដំណឹងដល់បង-ប្អូនទាំងអស់រួចមកហើយ ដោយតម្រូវឲ្យរៀបចំខឿន ក្រាលការ៉ូឡា ចាក់បេតុងផ្លូវចូលទីតាំងអាជីវកម្ម និងលំនៅដ្ឋាន ជាពិសេសរុះរើរាល់ឧបករណ៍ សម្ភារ និងការដាក់តាំងលក់ទំនិញផ្សេងៗ នៅលើចិញ្ចើមផ្លូវអមសងខាងផ្លូវលេខ៥៩៨ ប៉ុន្តែរហូតមកដល់ពេលនេះមានបង-ប្អូនតិចតួចបំផុតដែលចូលរួមសហការជាមួយអាជ្ញាធរខណ្ឌប្រកបដោយការស្ម័គ្រចិត្ត។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបញ្ជាក់ទៀតថា ជាថ្មីម្ដងទៀត និងជាលើកចុងក្រោយ ដើម្បីចូលរួមចំណែកក្នុងការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈឲ្យបានល្អប្រសើរ និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌសូមបង-ប្អូនទាំងអស់ចូលរួមសហការជាមួយក្រុមការងារចម្រុះ ដោយម្ចាស់ការរុះរើសំយ៉ាបដែលបានសាងសង់ ចូលចិញ្ចើមផ្លូវសាធារណៈ និងរើចេញនូវឧបករណ៍ សម្ភារ និងការដាក់តាំងលក់ទំនិញផ្សេងៗទៅតាមគំនូសដែលក្រុមការងារកំណត់។

ដោយឡែកសម្រាប់បង-ប្អូនប្រជាពលរដ្ឋដែលពុំទាន់បានរៀបចំធ្វើខឿនខាងមុខលំនៅដ្ឋាន អាជីវកម្មដ្ឋាន ឫដីទំនេរ និងច្រកផ្លូវចេញ-ចូល ដែលមិនទាន់បានចាក់បេតុងនៅឡើយ នោះរដ្ឋបាលខណ្ឌ សូមឲ្យបង-ប្អូនរៀបចំខឿន រៀបការ៉ូឡា និងចាក់បេតុងផ្លូវចេញ-ចូលលំនៅដ្ឋានរៀងៗខ្លួន ដើម្បីចៀសវាងដីកកលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ៕