(រតនគិរី)៖ សកម្មភាពល្បែងស៊ីសងជាច្រើនប្រភេទ នៅក្រុងបានលុង ខេត្តរតនគីរី មិនទាន់ត្រូវបានបង្ក្រាបនោះឡើយ ខណៈប្រជាពលរដ្ឋសំណូមពរថ្នាក់លើមានវិធានការទប់ស្កាត់ផង។

ជាក់ស្តែងទីតាំងជល់មាន់តាមកញ្ចក់ទូរទស្សន៍ ជ្រោកក្រោមស្លាកហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ចាប់ផ្តើមធ្វើការភ្នាល់គ្នាពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់ ជារៀងរាល់ថ្ងៃ ហ៊ោកញ្ច្រៀវផ្អើលអ្នកជិតខាង ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចមូលដ្ឋានធ្វើការបង្ក្រាបនោះទេ។

ក្រៅពីនេះទៀតឆ្នោតវៀតណាម ដែលកន្លងមកថ្មីៗនេះ មានមេឆ្នោតឈ្មោះ ដារា និងប្រពន្ធឈ្មោះ ចែ តា មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ដោយហ៊ានទទួលអ្នកចាក់២ លេខ ៥លានរៀល និង៣លេខ ហ៊ានទទួល ១លានរៀល ដោយក្នុងមួយថ្ងៃៗ ស៊ីសងរាប់ម៉ឺនដុល្លារឯណោះ។ រីឯល្បែងភ្នាល់បាល់ទាត់ មានមិនក្រោម ២០កន្លែង ស៊ីសងក្នុងមួយថ្ងៃៗរាប់ម៉ឺនដុល្លារ ជាពិសេសសំរាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមានគូរប្រកួតច្រើន។

ជាមួយសកម្មភាពល្បែងស៊ីសងទាំងនេះ ប្រជាពលរដ្ឋមួយចំនួន ក្នុងក្រុងបានលុង ដែលមានសមាជិកគ្រួសារ ពួកគាត់ងប់ង៉ុល និងល្បែង ធ្វើឲ្យមានអំពើហិង្សាក្នុងគ្រួសារ, ខាតបង់ទ្រព្យសម្បត្តិ, ខ្លាចមានអំពើចោរលួច, ចោរប្លន់កើតឡើងនោះ ពួកគាត់សំណូមពរទៅសមត្ថកិច្ចថ្នាក់លើ មេត្តាមានវិធានការបង្ក្រាបផង។

ទាក់ទិនទៅនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិត ក្នុងក្រុងបានលុងនេះដែរ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ យ៉ាងខ្លីថា ប្រសិនបើមានពាក្យបណ្តឹងនោះ រូបលោកនឹងដឹកនាំកម្លាំងសមត្ថកិច្ច ធ្វើការបង្ក្រាបភ្លាម ពោលគឺមិនអនុញ្ញាតឲ្យបើកល្បែងស៊ីសងនោះទេ។

ប្រភពព័ត៌មានដោយឡែកទៀត បានលួចបង្ហើបប្រាប់ភ្នាក់ងារ Fresh News ថា រាល់ថ្ងៃនេះ នៅក្នុងខេត្តរតនគិរី មានជនជាតិវៀតណាម២-៣ក្រុម មកបើកឆ្នោតវៀតណាម ដោយមានសមត្ថកិច្ចខិលខួចមួយចំនួន ធ្វើខ្នងបង្អែកឲ្យថែមទៀតផង៕