(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបង្កើតក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្ស (គ.ជ.ស)។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានឲ្យដឹងដែរថា ក្រៅពីការរៀបចំសេចក្ដីព្រាងច្បាប់នោះហើយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីប្រមូលធាតុចូល ដើម្បីធ្វើឲ្យការរៀបចំតាក់តែងច្បាប់នេះកាន់តែប្រសើរឡើង។

គួរជម្រាបថា ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល សារៈសំខាន់នៃតួនាទីរបស់ ស្ថាប័នសិទ្ធិមនុស្សជាតិ និងស្របតាមអនុសាសន៍នៃរបាយការណ៍ UPR ប្រមុខរាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំ និងសម្របសម្រួលរៀបចំសេចក្ដីព្រាងច្បាប់ ឲ្យបានត្រឹមត្រូវតាមទម្រង់ និងខ្លឹមសារច្បាប់ជាតិ និងអន្ដរជាតិ ព្រមទាំងពន្លឿននីតិវិធី ដើម្បីពិភាក្សា និងពិគ្រោះយោបល់ឈានទៅរកការអនុម័តច្បាប់ ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅកម្ពុជា៕