(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា លទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រោយឆ្លងកាត់ការសិក្សារយៈពេល១២ឆ្នាំនេះ មិនមែនជាការកំណត់វាសនារបស់បេក្ខជននោះទេ ពោលគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពតែប៉ុណ្ណោះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោករដ្ឋមន្ដ្រី បានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា តាំងពីថ្ងៃម្សិលមិញ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រកាសលទ្ធផលនៃការប្រឡងបាក់ឌុប ដែលបានបញ្ចប់ទៅដោយជោគជ័យ និងមានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ នៃចំនួនបេក្ខជនប្រឡងសរុបចំនួន ១១៧,០៤៣នាក់។

ក្នុងសារលិខិតផ្ញើទៅកាន់អ្នកពាក់ព័ន្ធ និងអាណាព្យាបាលសិស្ស ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលនៃការប្រឡង ពុំមែនជាការកំណត់វាសនារបស់បេក្ខជនទេ ប៉ុន្តែគឺជាការវាស់ស្ទង់សមត្ថភាព និងជំរុញឲ្យមានការខំប្រឹងប្រែងបន្តទៅមុខទៀត»

លោករដ្ឋមន្ដ្រីក៏បានអះអាងទៀតថា លទ្ធផលនៃការប្រឡងនេះ ឆ្លុះបញ្ចាំងនូវសារៈសំខាន់អ្នកចេះ គឺជាប់ និងការប្រឡងបានប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព គោលការណ៍ច្បាប់ និងលទ្ធផលទទួលយកបាន។

លោកបានគូសបញ្ជាក់ទៀតថា លទ្ធផលដ៏ល្អប្រសើរនេះ កើតចេញពីការចូលរួមការគាំទ្រ និងការឧបត្ថម្ភពីគ្រប់ភាគីពាក់ព័ន្ធទាំងក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋានគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ត្រីសុខាភិបាល ដែលបានចូលរួមធ្វើឲ្យដំណើរការ នៃការប្រឡងប្រព្រឹត្តទៅដោយរលូន។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩,០៥២នាក់ ស្មើនឹង៦៨.៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន២៤៣០នាក់, ជាប់និទ្ទេស C ចំនួន៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤១០០នាក់ និងនិទ្ទេស E ចំនួន៥៦២៣២នាក់៕